សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គ្មានអ្វីជាប់ពាក់ព័ន្ធនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាសាធារណៈយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូន កម្ពុជាមានច្បាប់ទម្លាប់ គណបក្សប្រជាជន គឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ»។
សម្ដេចតេជោបានថ្លែងថា រាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។ សម្ដេចតេជោក៏បានផ្ដាំផ្ញើដល់អ្នកដែលមានបំណងចង់ប្រមូលផ្ដុំប្រឆាំងការបោះឆ្នោត សូមកុំរញ៉េរញ៉ៃ ជាមួយនឹងបាតុកម្ម ឬអ្វីផ្សេងៗ ព្រោះថាសម្ដេចបានផ្ដល់សាររួចហើយ ដែលសារទី១នេះ នៅតែមានតម្លៃ ដោយមិនចាំបាច់ ចេញសារទី២នោះឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានប្រកាសចាប់យកទាំងអស់ អ្នកណាក៏ដោយ ដែល បំផ្លាញនូវស្ថិរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «អ្នកមានបំណងប្រមូលផ្តុំប្រឆាំងការបោះឆ្នោត នឹងត្រូវស្វាគមន៍ដោយគុក»។
សូមជម្រាបជូនថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០ ២៣ មានគណបក្សនយោបាយចំនួន១៨ ដែលត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ដោយឡែក គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី៕