ត្រឹមរយៈពេល៥ខែ នៃឆ្នាំ២០២៣នេះ ពោលចាប់ពីខែមករា រហូតដល់ ខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានអនុម័ត និងបានចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនប្រមាណ៦១គម្រោង ក្នុងទុនប្រមាណជាង៥០០លានដុល្លារអាមេរិក។នេះបើយោងទៅតាមរបាយការណ៍នៅលើទំព័រហ្វេសប៊ុកកន្លងមក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមរបាយការណ៍របស់ CDC បានឱ្យដឹងថា គម្រោងទាំង៦១នោះ ភាគច្រើនជាគម្រោងបង្កើតរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង និងកាបូប រោងចក្រកែច្នៃផ្លែស្វាយជាដើម ដែលស្ថិតក្រោមទុនសរុបប្រមាណ៥១៤,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ៣១ ១៨៥កន្លែង។
គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០២២កន្លងទៅ CDC បានអនុម័តគម្រោងចំនួន១៦៥គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣៧៧៩,៧០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៦១៩៩៥កន្លែង៕