Alynana Media Cambodia
Icon Collap
clinic narit

ចិន គ្រោងបើករោងចក្រផលិតសំបកកង់រថយន្តដ៏ធំមួយនៅកម្ពជា

Media LNN | Jun 01, 2023
ចិន គ្រោងបើករោងចក្រផលិតសំបកកង់រថយន្តដ៏ធំមួយនៅកម្ពជា
Clinic narith

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី ៣០ខែឧសភា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន Wanli Tire Corporation Limited. មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wang Song ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន Wanli Tire Corporation Limited. គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានចំណាប់អារម្មណ៍ខ្ពស់ និងមានគោលបំណងស្វែងយល់កាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។

ប្រតិភូក្រុមហ៊ុន Wanli Tire Corporation Limited. បានសម្តែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនាពេលនេះ និងបានជម្រាបជូនថាព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់ សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុន។

លោកសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននឹងចូលរួមចំណែកជំរុញទ្វេរឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ។

9c2646a975e6250efa03d023ca0816bb_w_800_h_450-2

សូមជម្រាបថា កាលពីថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០២៣នេះ រោងចក្រផលិតសំបកកង់រថយន្ត មានតម្លៃវិនិយោគប្រមាណ ៣០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣លានកង់ក្នុងមួយឆ្នាំ។ ពិធីសម្ពោធរោងចក្រនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

រោងចក្រនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់។

រោងចក្រនេះ នឹងប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមាននៅក្នុងស្រុកជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជា សម្រេចបានការនាំចេញជ័រកៅស៊ូជិត ៦ម៉ឺន ៧ពាន់តោន បានកើនឡើង ៦ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ចំណែក ផ្ទៃដីដាំដើមកៅស៊ូបានកើនដល់ជាង ៤០ម៉ឺនហិកតា ក្នុងនោះដើមកៅស៊ូលើផ្ទៃដីជាង ៣១ម៉ឺនហិកតា ស្មើនឹងជិត ៨០ភាគរយ មានអាយុកាលល្មមអាចយកផលបាន៕