ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យរយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ចាម»កាលពីពេលថ្មីៗ បានអះអាងថា រដ្ឋបាលខេត្តកំពង់ចាម ទើបទទួលគម្រោងទាក់ទងនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដែល នឹងចូលរួមលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ចាម។ បើតាមអភិបាលខេត្តកំពង់ចាម គម្រោងតំបន់សេដ្ឋកិច្ចនេះ ទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួចហើយដែរ ដោយក្រុមការងាររបស់ CDC ក៏បានចុះធ្វើការងារជាមួយនឹងតំណាងក្រុមហ៊ុន ហើយខាងក្រុមហ៊ុនក៏បានរៀបចំឈូសឆាយនឹងរៀបចំដំណើរការសាងសង់ផងដែរ។ បើតាមឯកឧត្តម អ៊ុន ចាន់ដា គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ស្ថិតលើផ្ទៃដីជិត ១០០ហិកតា អាចបង្កើតការងារជូនប្រជាពលរដ្ឋកំពង់ចាមរហូតជាង ៥ម៉ឺននាក់។ អភិបាលខេត្តកំពង់ចាមរូបនេះ បង្ហាញគំនិតសុទិដ្ឋិនិយមថា ការបង្កើតតំបន់សេដ្ឋកិច្ចថ្មីក្នុងខេត្តកំពង់ចាម នៅពេលខាងមុខនេះ មិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តកំពង់ចាមផ្ទាល់ ប៉ុណ្ណោះទេ ក៏ចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ផងដែរ
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ និងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដែលមានស្រាប់ឲ្យអស់សក្តានុពល គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗ កត់សម្គាល់ឃើញថា តំបន់សេដ្ឋកិច្ចពិសេស បានចូលរួមយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច ជាពិសេសដោះស្រាយបញ្ហាខ្វះការងារ និងបង្កើតការងារជូនពលរដ្ឋខ្មែរយ៉ាងច្រើនកន្លែង។ ដូច្នេះ ក្នុងន័យនេះសម្ដេចក៏បានអះអាងថា កម្ពុជានឹងជំរុញតំបន់សេដ្ឋកិច្ចពិសេសឲ្យក្លាយជាគោលដៅវិនិយោគ ដ៏មានសក្ដានុពល និងទាក់ទាញបំផុត។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជានៅសល់ផ្ទៃដីជាច្រើនសម្រាប់អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ហើយសម្ដេចក៏បានបង្ហាញពីគោលបំណងក្រុមវិនិយោគបរទេសមួយចំនួនបាននិងកំពុងចាប់អារម្មណ៍វិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាង ៥០កន្លែង ដែលបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ក៏មានតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ហាក់មិនសូវមានសកម្មភាព និងប្រើប្រាស់ឲ្យអស់សក្ដានុពលនៅឡើយ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន ១៣គម្រោង ជាមួយទុនវិនិយោគសរុប ជិត ៩០លានដុល្លារ និងបង្កើតឱកាសការងារជូនពលរដ្ឋកម្ពុជា ជិត ៦ពាន់កន្លែង៕