
ភ្នំពេញ៖ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជាលើលិខិតរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដោយសង្កេតឃើញថាក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀតកំពុងមានការឆ្លងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ ក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ៣ ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានក្រើនរម្លឹកដល់សាធារណជន អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញណែនាំពីអង្គការសុខភាពពិភពលោកដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី ៦ ខែឡើងទៅ បន្ទាប់ពីចាក់ដូសចុងក្រោយ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់អាយុក្រោម ៥ ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូរីដ-១៩ ដូសទី១ និង ដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ហើយ មានគម្លាតចាប់ពី ៦ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូរីដ-១៩ ដូស ចុងក្រោយ អាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ ឬដុសទី៤ ឱ្យបានគ្រប់ៗគ្នា។
ចំពោះកុមារដែលមានអាយុចាប់ពី ៥ ឆ្នាំដល់អាយុក្រោម ១២ ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី ៦ ខែឡើង បន្ទាប់ពីការចាក់វាក់សាំងកូវីដ-១៩ ដូសចុងក្រោយ ត្រូវរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា។
ចំពោះប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបានចាក់វាក់សាំងចនសុន និងចនសុនមួយដូស (ដូសមូលដ្ឋាន) រួចរាល់ហើយមានគម្លាតចាប់ពី៦ខែឡើងបន្ទាប់ពីការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ សូមរួសរាន់អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ដូសទី៥ ឬដូសទី៦ ឱ្យបានគ្រប់ៗគ្នា។
ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ គឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្តទាំង ២៥ ដែលស្ថិតនៅជិតទីសំណាក់ របស់បងប្អូន៕អត្ថបទ៖ វ៉ន ដារ៉ា