Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោនាយករដ្ឋមន្ត្រី អរគុណអ្នកនាង មាស សុខសោភា បានលុបបទចម្រៀង«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ចេញពីបណ្ដាញសង្គម

Media LNN | Jun 05, 2023
សម្ដេចតេជោនាយករដ្ឋមន្ត្រី អរគុណអ្នកនាង មាស សុខសោភា បានលុបបទចម្រៀង«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ចេញពីបណ្ដាញសង្គម
Clinic narith

ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណតារាចម្រៀង អ្នកនាង មាស សុខសោភា បានលុបបទចម្រៀង«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ចេញពីបណ្ដាញសង្គមតាមការណែនាំរបស់សម្ដេចនោះ។ នេះបើតាមការឱ្យដឹងតាមរយៈតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសារជាសំឡេងតាមតេឡេក្រាម នាយប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៣ផ្ញើជូនក្មួយស្រី មាស សុខសោភា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពេលនេះពូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញបទចម្រៀង ដែលក្មួយស្រីបានបង្ហោះទាក់ទិនទៅនឹង«មរណភាព ព្រះស្វាមី ជ័យវរ្ម័នទី៧»។ សម្ដេចតេជោបន្តថា ទន្ទឹមនឹងការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមពូ ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពូស្នើសុំដោយទទូចចំពោះក្មួយស្រី ដកចេញជាបន្ទាន់ពីហ្វេសប៊ុក ជាមួយនឹងការបង្ហោះនូវបទចម្រៀងនេះ។

សម្តេចតេជោលើកឡើងថា ដែលនេះពិតជាមានការធ្វើឱ្យភ័ន្តច្រឡំដ៏ធំ នៅប្រវត្តិសាស្ត្ររបស់ជាតិ ដែលនៅពេលនេះ នៅក្នុងប្រទេសរបស់យើងមានតែ ព្រះបាទជ័យវរ្ម័នទី៧ មួយគត់ ដែលត្រូវបានគោរព និងលើកតម្កើងយ៉ាងខ្ពស់។ ប៉ុន្តែខ្លឹមសានៃបទចម្រៀងបែរជាមានលក្ខណៈផ្ទុយស្រឡះ។ សម្ដេចតេជោគូសបញ្ជាក់ថា៖ “យើងមិនទាន់ធ្វើការវិនិច្ឆ័យអ្វីទាំងអស់ ក៏ប៉ុន្តែក្មួយស្រីហាក់ដូចជាលឿនពេក ដើរឆ្ងាយអំពីខ្លឺមសាដើម ឬក៏គ្មានឯកសារយោង។ សូមក្មួយស្រីបើទទួលបានព័ត៌មាននេះហើយ គឺសុំដកចេញជាបន្ទាន់ ហើយសូមឱ្យអ្នកលេងបណ្ដាញសង្គមទាំងអស់ កុំចែករំលែកបន្ត ហើយមេត្តាលុបចោលនូវបទចម្រៀងនេះជាបន្ទាន់ សម្រាប់អ្នកដែលទទួលបន្ត គឺមិនអាចនឹងធ្វើទៅបែបនេះបានទេ”។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖ “រឿងនេះគឺជារឿងដ៏ធំ ប្រសិនបើគ្មានការអន្តរាគមន៍ ពីសំណាក់មន្ត្រីជាន់ខ្ពស់ទេ ប្រហែលជាក្មួយស្រីមិនអាចដកចេញទៀតផង។ ពូសង្ឃឹមថា អន្តរាគមន៍របស់ពូ នឹងធ្វើឱ្យក្មួយស្រីដកចេញ ហើយចាំយើងនិយាយគ្នានៅពេលក្រោយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតាមមើលកិច្ចការងារនេះឱ្យបានហ្មត់ចត់ ដើម្បីធានាថាប្រវត្តិសាស្ត្ររបស់ជាតិ មិនត្រូវបានបំភ្លៃ ជាពិសេសប្រវត្តិសាស្ត្រដែលទាក់ទងជាមួយនឹង ព្រះបាទជ័យវរ្ម័នទី៧។ សូមក្មួយស្រីយោគយល់ចំពោះជាតិសាស្ត្ររបស់យើង មិនមែនចម្រៀងមួយបទនេះ អាចមកជំនួសប្រជាជន១៧លាននាក់ ដែលកំពុងតែធ្វើការគោរពចំពោះព្រះបាទជ័យវរ្ម័នទី៧នោះឡើយ”។

ដោយឡែកនៅព្រឹកនេះ អ្នកនាង មាស សុខសោភា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ អ្នកនាងបន្តថា នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើឱ្យមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថា សម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។

អ្នកនាងបញ្ជាក់ថា មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត៕ដោយ៖ ជឹម ណារី

 
 
 
Metfone Sidebar Banner
ACLEDA Sidebar Banner
Canadia Sidebar Banner
Borey Golden park Sidebar
Bacast Web