ALJAZEERA 05.06.2023
អ៊ុយក្រែនអះអាងថា កុមាររបស់ខ្លួនសរុបយ៉ាងហោចណាស់៥០០នាក់បានស្លាប់ ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ីថ្ងៃដំបូង។
នេះបើតាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យទី ៤ ខែមិថុនា ឆ្នាំ២០២៣។ លោកថា សង្រ្គាមរបស់រុស្ស៊ីពេលនេះបានសម្លាប់កុមារអ៊ុយក្រែនអស់យ៉ាងហោចណាស់ ៥០០ នាក់ហើយ ចាប់តាំងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។ Zelenskyy បានផ្តល់ការកត់សម្គាល់នេះកាលពីថ្ងៃអាទិត្យប៉ុន្មានម៉ោងបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ី។ លោកបាននិយាយថា យុវជនជាច្រើននាក់ដែលបានបាត់បង់ជីវិតចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន “អាចក្លាយជាអ្នកប្រាជ្ញ សិល្បករ ម្ចាស់ជើងឯកកីឡា រួមចំណែកក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន”។
លោក Zelenskyy បានបន្ថែមថា វាមិនអាចទៅរួចទេក្នុងការបញ្ជាក់ចំនួនពិតប្រាកដនៃកុមារដែលបានស្លាប់បាត់បង់ជីវិតដោយសារអរិភាពដែលកំពុងបន្តនេះ ដោយសារតែតំបន់មួយចំនួនស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ីនៅឡើយ។ ជុំវិញការចោទប្រកាន់នេះ រុស្ស៊ីបានបដិសេធមិនទទួលស្គាល់ឡើយ៕
ប្រភព៖ ALJAZEERA