កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស នៅទីក្រុងហាណូយ នាថ្ងៃទី០៤ ខែឧសភា បន្ទាប់ពីជំនួបជាមួយសមភាគីវៀតណាម លោក ផាម មិញជិញ។
អំឡុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស បាននិយាយថា អូស្រ្តាលីនឹងចំណាយថវិកា ១០៥លានដុល្លារ ដើម្បីជួយវៀតណាមផ្លាស់ប្តូរទៅថាមពលស្អាតរបស់ខ្លួន។ លោក អាល់បាណេស បាននិយាយថា ថវិកាខាងលើ នឹងជួយគាំទ្រផែនការហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព, ជំរុញការវិនិយោគឯកជនលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត និងការផ្តល់ជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យរ៉ែដ៏សំខាន់របស់វៀតណាម។
លោក អាល់បាណេស បន្តថា លោក និងសមភាគីវៀតណាមបានពិភាក្សាអំពីចក្ខុវិស័យរួម អំពី "ការបើកចំហ ស្ថិរភាព សុវត្ថិភាព វិបុលភាព និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលគោរពអធិបតេយ្យភាពជាតិជាសំខាន់។ លោកថា វៀតណាម និងអូស្ត្រាលីចង់ឃើញការបន្តនៃសន្តិភាព និងវឌ្ឍនភាពដែលប្រទេសរបស់យើងទទួលបាននៅក្នុងសតវត្សកន្លងមកនេះ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបន្ថែមថា ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផងដែរ ដើម្បីបញ្ឈប់ការលាងលុយកខ្វក់អន្តរជាតិ។ លោក អាល់បាណេស បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យការស៊ើបការណ៍ផ្នែកហិរញ្ញវត្ថុត្រូវបានចែករំលែក ដើម្បីរំខានដល់ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម៕ ប្រភព៖ News.com.au