ស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ហើយ ដើម្បីជួយសម្រួលចរាចរអោយបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ និងដោះស្រាយបាននៅការកកស្ទះចរាចរនៅតំបន់នេះផងដែរ ។
ពិធីសម្ពោធស្ពានបេតុងខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ និងមានការចូរួមពីឯកឧត្តម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
ការស្ថាបនាស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោខាងលើធ្វើឡើង ក្រោយសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន មើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅពេលឆ្លងកាត់ស្ទឹងព្រែកត្នោតម្តងៗ ។ ដើម្បីដោះស្រាយការលំបាកនេះ និងដើម្បីដោះស្រាយការកកស្ទះចរាចរផងនោះទើបសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សម្រេចផ្តល់ជាអំណោយក្នុងការកសាងស្ពាននេះឡើងតែម្តង។
គួរបញ្ជាក់ថា៖ ស្ពានបេតុងខាងលើនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃ២៩តុលាឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣០ឧសភាឆ្នាំ២០២៣ ជាអំអោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន៕