សៀមរាប៖ គ្រឹះស្ថានអង្គរ រកបានចំណូលជាង ១៦ លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលកម្សាន្តនៅរមណីយដ្ឋានអង្គរ តំបន់ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៣៤ម៉ឺននាក់ កើនឡើង ៦៥៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈចំណូលដែលគ្រឹះស្ថានអង្គររកពីការលក់សំបុត្រ មានចំនួនជាង ១៦ លានដុល្លារ កើនឡើង ៧៦៥ ភាគរយ។
ដោយឡែកក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៣ នេះគ្រឹះស្ថានអង្គរ រកបានចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ចំនួនជិត៩ម៉ឺនដុល្លារ និងការលក់សំបុត្រទូក ចំនួនជាង ២៦ម៉ឺនដុល្លារ។
យោងតាមគ្រឹះស្ថានអង្គរ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រឹះស្ថានអង្គរ ប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទបុរាណ ដល់ទេសចរបរទេស រួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្ដម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ ទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជិត ២,២៨លាននាក់ កើនឡើង ១ ០៥៩ភាគរយធៀបឆ្នាំ២០២១៕