មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការណាតូបាននិយាយថា “ការរៀបចំកន្លែងសម្រាប់ហ្វាំងឡង់នៅទីស្នាក់ការរបស់អង្គការណាតូ នឹងត្រូវបញ្ចប់ក្នុងប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែខាងមុខនេះ ហើយយើងក៏នឹងត្រៀមកន្លែងទុកសម្រាប់សមាជិកផ្សេងទៀតរបស់យើងនាពេលអនាគតផងដែរ” ។
ដោយឡែកបើតាមអ្នកការទូតរបស់ណាតូចំនួន ២ នាក់ផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះក៏បានឲ្យដឹងដែរថា ចំពោះដំណោះស្រាយដែលថ្នាក់ដឹកនាំរបស់សម្ព័ន្ធមិត្តយោធាមួយនេះ ក្នុងការរៀបចំកន្លែងឲ្យសមាជិកថ្មីរបស់ខ្លួន គឺការសាងសង់អគារបន្ថែមទៀតនៅលើបរិវេណរបស់អង្គការណាតូ ដែលអាចធ្វើជាផ្ទះសម្រាប់បុគ្គលិក និងភ្នាក់ងារអន្តរជាតិរបស់សម្ព័ន្ធភាព ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជា “ដំណោះស្រាយបណ្តោះអាសន្ន” ប៉ុណ្ណោះ ។អ្នកការទូតណាតូបានបញ្ជាក់ទៀតថា ការពង្រីកទីស្នាក់ការថ្មីជាមួយនឹងសមាជិកថ្មីបន្ថែមដែលតាមការគ្រោងទុកដំបូងនេះ គឺគ្រាន់តែជាផែនការ B ប៉ុណ្ណោះ ខណៈការសម្រេចចិត្តជាផ្លូវការ គឺត្រូវការមតិយោបល់ជារួម ។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែត រួមជាមួយនឹងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូនៅក្នុងខែឧសភា ឆ្នាំ២០២២ ប៉ុន្មានខែ បន្ទាប់ពីប្រទេសរុស្ស៊ីបើកប្រតិបត្តិការសឹកមកលើអ៊ុយក្រែន ហើយក្រោយមក ហ្វាំងឡង់បានក្លាយជាសមាជិកទី៣១ នៃសម្ព័ន្ធភាពមួយនេះនៅខែមេសា ឆ្នាំ២០២៣ ខណៈពាក្យស្នើសុំរបស់ប្រទេសស៊ុយអែតវិញ នៅតែរង់ចាំការយល់ព្រមពីប្រទេសហុងគ្រី និងតួកគី ៕