Alynana Media Cambodia
Icon Collap
clinic narit

៥ប្រទេស ជាប់ឆ្នោតចូល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

Media LNN | Jun 07, 2023
៥ប្រទេស ជាប់ឆ្នោតចូល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
Clinic narith

កាលពីថ្ងៃអង្គារទី៦ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសប្រទេសអាល់ហ្សេរី ហ្គីយ៉ាន សៀរ៉ាឡេអូន ស្លូវេនី និងកូរ៉េខាងត្បូង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤ទៅ។ប្រទេសអាល់ហ្សេរី ហ្គីយ៉ាន សៀរ៉ាឡេអូន និងកូរ៉េខាងត្បូង បានជាប់ឆ្នោតដោយគ្មានការជំទាស់នៅស្ថាប័នដែលទទួលបន្ទុករក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ មានសមាជិក១៥ប្រទេសមួយនេះ។ នៅក្នុងការប្រកួតប្រជែងតែមួយគត់ គឺប្រទេសស្លូវេនី បានយកឈ្នះបេឡារុស។ ប្រទេសជាប់ឆ្នោតទាំង៥នេះ នឹងជំនួសអាល់បានី ប្រេស៊ីល ហ្គាបុង ហ្គាណា និងអារ៉ាប់រួម។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលអាចធ្វើសេចក្តីសម្រេចមានកាតព្វកិច្ចស្របច្បាប់ ដូចជាការដាក់ទណ្ឌកម្ម និងការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងជាដើម។ ក្រុមប្រឹក្សានេះ​មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន៥ គឺ​អង់គ្លេស ចិន បារាំង រុស្ស៊ី និង​អាមេរិក។ដើម្បីធានាបាននូវតំណាងភូមិសាស្រ្ត អាសនៈត្រូវបានបែងចែកទៅឲ្យក្រុមតាមតំបន់ ហើយថ្វីបើបេក្ខជនឈរឈ្មោះ មិនទទួលបានការជំទាស់នៅក្នុងក្រុមរបស់ពួកគេក៏ដោយ ប៉ុន្តែពួកគេនៅតែចាំបាច់ត្រូវទទួលបានការគាំទ្រច្រើនជាងពីរភាគបី នៃមហាសន្និបាត។

ប្រទេសហ្គីយ៉ាន ទទួលបានការបោះឆ្នោត១៩១សំឡេង, សៀរ៉ាឡេអូន១៨៨សំឡេង, អាល់ហ្សេរី១៨៤សំឡេង ខណៈកូរ៉េខាងត្បូង១៨០សំឡេង។ ចំណែកស្លូវេនី ទទួលបាន១៥៣សំឡេងដើម្បីយកឈ្នះបេឡារុស ដែលទទួលបានត្រឹម៣៨សំឡេង៕