ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃពុធទី៧ខែមិថុនាថា ការបំផ្លិចបំផ្លាញទំនប់ Kakhovka តាមដងទន្លេ Dnipro អាចបង្កគ្រោះថ្នាក់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ហើយទីក្រុងប៉េកាំង សូមជំរុញឲ្យអ៊ុយក្រែន និងរុស្ស៊ីត្រូវធានាថា រឿងនេះនឹងមិនកើតឡើងទេ។លោក Zhang បានប្រាប់សម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាថា “យើងសូមបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញទំនប់នៅស្ថានីយវារីអគ្គិសនី Kakhovka”។
ដោយកត់សម្គាល់ថាអាងស្តុកទឹក Kakhovka គឺជាប្រភពទឹកដ៏សំខាន់សម្រាប់រោងចក្រថាមពលបរមាណូធំបំផុតរបស់អឺរ៉ុបនោះ, លោក Zhang បានគូសបញ្ជាក់ថា ទឹកនៅក្នុងអាងនេះនៅតែបន្តស្រកចុះ ហើយវាប្រហែលជាមិនអាចបន្តបូមចូលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ នាពេលអនាគតបានទេ”។
លោក Zhang និយាយ “ចិនសូមបញ្ជាក់ជាថ្មីថា ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ គ្មាននរណាម្នាក់អាចស៊ូទ្រាំបានឡើយ។ យើងសូមអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងពាក្យសម្ដីនិងទង្វើដែលអាចបង្កើនការប្រឈមមុខដាក់គ្នា និងនាំឲ្យមានការគណនាខុស និងត្រូវរក្សាសុវត្ថិភាពនិងសន្តិសុខ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye”។គួរបញ្ជាក់ជាថ្មី អ៊ុយក្រែនបានចោទរុស្ស៊ីថា ជាអ្នកបំផ្ទុះទំនប់ទឹកនិងបង្កការជន់លិចទីប្រជុំជន និងក្រុងនានាតាមដងទន្លេ រួមទាំងទីក្រុង Kherson ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានចង្អុលទៅទីក្រុងកៀវ ដោយកត់សម្គាល់ថា អ៊ុយក្រែនបានវាយប្រហារទំនប់នេះនាពេលកន្លងមក ដោយប្រើគ្រាប់រ៉ុកកែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយបានទម្លាយទឹកចេញពីអាង មុនពេលបាក់ទំនប់ Kakhovka៕