បារាំង៖ ក្រុមបាតុករស្លៀកសម្លៀកបំពាក់ឈុតខ្មៅជាច្រើនពាន់នាក់បានប៉ះទង្គិចគ្នាជាមួយមន្ត្រីនគរបាលក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីបាតុករបានដុតបំផ្លាញទូកុងតឺន័រនៅឯការដ្ឋានសាងសង់មួយកន្លែង រហូតបណ្តាលឱ្យក្រុមអាជ្ញាធរចាប់ផ្តើមធើ្វការបង្ក្រាប តាមរយៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនទៅលើក្រុមអ្នកតវ៉ាដែលមកជួបជុំគ្នា ដើម្បីតវ៉ាប្រឆាំងទៅនឹងកំណែទម្រង់ច្បាប់របស់រដ្ឋាភិបាល ស្តីពីការដំឡើងអាយុចូលនិវត្តន៍ដល់ពលរដ្ឋ ។
ដោយឡែក អាជ្ញាធរបារាំងបានឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារនេះ ពលរដ្ឋបារាំងចន្លោះពី៤០ម៉ឺន ទៅ៦០ម៉ឺននាក់បានចូលក្នុងការតវ៉ានៅទូទាំងប្រទេស ខណៈនៅក្នុងរដ្ឋធានីប៉ារីស មានបាតុករចូលរួមជាង ៣ម៉ឺននាក់ ស្របពេលកម្លាំងអាជ្ញាធរបារាំងក្នុងចំនួនជាង៤ពាន់នាក់ កំពុងតែដាក់ពង្រាយនៅក្នុងទីក្រុងដើម្បីគ្រប់គ្រងស្ថានការណ៍។
គួររំលឹកដែរថា ក្រុមសហជីពបុគ្គលិកកម្មករបានដឹកនាំការតវ៉ាប្រឆាំងទៅនឹងច្បាប់ស្តីពីការដំឡើងអាយុចូលនិវត្តន៍ដល់ ៦៤ឆ្នាំដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីម៉ាក្រុង ហាក់ចាប់ផ្តើមមានសន្ទុះខ្លាំងចាប់តាំងពីពាក់កណ្ដាលខែមករាមកម្លេះ ជួនកាល ក៏បានឈានទៅជាករណីអំពើហិង្សា ដោយបណ្ដាលឱ្យមានមនុស្សរងរបួសនិងទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋជាច្រើន ត្រូវបំផ្លិចបំផ្លាញ។
ពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ដ៏ចម្រូងចម្រាសនេះដែរ លោកម៉ាក្រុងនិយាយថា វាចាំបាច់សម្រាប់លោក ក្នុងការកាត់បន្ថយបញ្ហាឱនភាពសេដ្ឋកិច្ចដែលបណ្តាលមកពីការគ្រប់គ្រងប្រព័ន្ធសោធននិវត្តន៍មិនបានច្បាស់លាស់ និងឥទ្ធិពលនៃបញ្ហាវិបត្តិសកលផ្សេងៗដទៃទៀត ខណៈក្រុមសហជីពបានជំរុញឱ្យរដ្ឋាភិបាលបារាំងគួរស្វែងរកប្រភពចំណូលរដ្ឋបន្ថែមតាមរយៈការបង្កើនពន្ធពីបណ្តាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ៕