Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាតភ្ជាប់បណ្តាញទឹកទៅតំបន់កំពុងខ្វះខាត នៅរាជធានីភ្នំពេញ

Media LNN | Jun 07, 2023
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាតភ្ជាប់បណ្តាញទឹកទៅតំបន់កំពុងខ្វះខាត នៅរាជធានីភ្នំពេញ
Clinic narith

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនក្រៅស្រុកមួយ សម្រាប់ការផ្គត់ផ្គង់បំពង់មេនាំទឹក និងបំពង់មេចែកចាយទឹក ក្នុងកញ្ចប់ថវិកាសរុបប្រមាណជា ៥០ លានអឺរ៉ូ នៃគម្រោងសាងសង់រោងចក្របាក់ខែងជំហានទី២ ដើម្បីយកមកតភ្ជាប់បណ្តាញទឹកស្អាតក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់បំពង់ដែក និងដំណភ្ជាប់ដែកចំនួនពីរកញ្ចាប់ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនផ្គត់ផ្គង់ សាំងហ្គោបេនប៉ាម នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា សម្រាប់គម្រោង​នៃការតភ្ជាប់បំពង់មេទាំងពីរនេះ គឺជាការបន្តនៃការភ្ជាប់បំពង់បាក់ខែងជំហានទី១ ដើម្បីយកទឹកពី​បាក់ខែងជំហានទី២ ទៅផ្គត់ផ្គង់នៅតំបន់បែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ហើយមកដល់ពេលនេះ ចំពោះការដាក់បំពង់មេនាំទឹកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនខាងលើរួមមាន ការផ្គត់ផ្គង់បំពង់មេនាំទឹក ប្រវែងប្រមាណ ២០គីឡូម៉ែត្រ មានមុខកាត់ពី ៨០០ ដល់ ១ ៦០០ មីលីម៉ែត្រ ក្នុងកញ្ចប់ថវិកា ៣៥ លានអឺរ៉ូ ។ ចំណែកបំពង់មេចែកចាយទឹក ប្រវែងប្រមាណ ៥០គីឡូម៉ែត្រ មានមុខកាត់ពី ៣០០ ទៅដល់ ៦០០ មីលីម៉ែត្រ ក្នុងកញ្ចប់ថវិកា ១៤ លានអឺរ៉ូ។

ឯកឧត្តម បន្តឲ្យដឹងថា ចំពោះបំពង់មេទាំងពីរប្រភេទនេះ នឹងត្រូវនាំមកដល់រាជធានីភ្នំពេញក្នុងរង្វង់ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងនោះបន្ទាប់ពីបំពង់បាននាំមកដល់ រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​នឹងយកបំពង់ទាំងនោះ ទៅដំឡើងនៅតាមទំនុបកប់ស្រូវ រហូតដល់ផ្លូវជាតិលេខ ៤ ដោយនឹងត្រូវការពេលវេលាជាង ១ ឆ្នាំ ដើម្បីដាក់បំពង់នេះឲ្យអស់ សំដៅធានាពង្រីកបណ្តើរៗ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនដែលកំពុងខ្វះខាតទឹក។

សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ មានសមត្ថភាព​ផលិតប្រមាណ ១៩៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ដោយរោងចក្រនេះបានចាប់ផ្តើមសាងសង់កាល​ពីខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្រោមហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា, របស់រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) មកដល់ពេលនេះរោងចក្របាក់ខែង​ជំហានទី២ សម្រេចបានប្រមាណជា ៩០ ភាគរយហើយ នៃទំហំគម្រោងទាំងមូល ដោយគម្រោងនេះនឹងដាក់ឲ្យដំណើរនៅដើមឆ្នាំ ២០២៤ ខាងមុខ៕