សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំជាលើកទី២ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ នៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វា។បើតាមសមាគម គោលបំណងនៃការដាក់ដេញថ្លៃនេះ គឺដើម្បីជួយម្ចាស់ផ្ទះអភិរក្សសត្វ ត្រចៀកកាំក្នុងការលក់សំបុកត្រចៀកកាំ ស្វែងរកដៃគូឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃ សំបុកត្រចៀកកាំ ក៏ដូចជា អ្នកប្រមូលទិញសំបុកត្រចៀកកាំ ឱ្យទទួលបានការផ្គត់ផ្គង់នូវសំបុកត្រចៀកកាំ ប្រកបដោយ គុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ ស្ថេរភាពថ្លៃសំបុក កាត់បន្ថយការលក់ បង្ខូចថ្លៃ ការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ និងផ្តល់ឱកាសអាជីវកម្មផ្សេងៗទៀតដល់អ្នកចូលរួម។តាមរយៈសេចក្តីជូនដំណឹង សមាគមអញ្ជើញម្ចាស់អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសំបុកត្រចៀកកាំទាំងអស់ ដែលមានបំណងដេញថ្លៃសំបុកត្រចៀកកាំ អាចញ្ជើញចូលរួមបានតាមអាសយដ្ឋានខាងលើ។
សូមរំលឹកថា សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា បានដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំ ម្តងរួចមកហើយ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ ៣ពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផលសម្បុកត្រចៀកកាំប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ។
យោងតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា សម្បុកត្រចៀកកាំដែលប្រមូលថ្មីៗ មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសំបុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕