ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាង ៨ ពាន់នាក់ នៅរោងចក្រចំនួន ២៦ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបដែលត្រូវបានព្យួរកិច្ចសន្យាការងារ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងនេះចុះថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសដដែលបានឱ្យដឹងថា រោងចក្រទាំង ២៦ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនេះមានកម្មករនិយោជិតចំនួន ៨ ៧៦២ នាក់ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។
រោងចក្រទាំងនោះរួមមាន៖ រោងចក្រចំនួន ៨ ស្ថិតនៅភ្នំពេញ រោងចក្រចំនួន ២ ស្ថិតនៅខេត្តកណ្តាល រោងចក្រ ១ ស្ថិតនៅខេត្តកំពង់ចាម រោងចក្រចំនួន ៨ ស្ថិតនៅខេត្តកំពង់ស្ពឺ រោងចក្រចំនួន ២ ស្ថិតនៅខេត្តតាកែវ រោងចក្រចំនួន ២ ស្ថិតនៅខេត្តព្រះសីហនុ និងរោងចក្រចំនួន ៣ ស្ថិតនៅខេត្តស្វាយរៀង។
ក្រសួងការងារបានលើកឡើងថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ។ ក្នុងនោះចំនួន ៨១ ០០០ រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃ ដល់ ១៤ ថ្ងៃ។ ចំណែកចំនួន ១៦២ ០០០ រៀល (៤០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។
ប្រភពដដែលបញ្ជាក់ថា៖ «ការបើកប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងតាមរយៈ ធនាគារវីង ដែលផ្ញើសារចូលទូរស័ព្ទរបស់កម្មករ-និយោជិត ហើយបងប្អូនកម្មករ-និយោជិត មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងនៅពេលបើកប្រាក់ឧបត្ថម្ភនេះ»។
ក្រសួងការងារបន្ថែមថា ក្នុងករណីកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រទាំងចំនួន ២៦ នេះមិនបានទទួលសារទូរស័ព្ទពីធនាគារវីងត្រូវទាក់ទងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន។
ជុំវិញរឿងនេះ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានថ្លែងថា ប្រាក់ឧបត្ថម្ភដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យកម្មករនិយោជិតនេះ គឺជាការរួមចំណែកមួយផ្នែកក្នុងការសម្រាលបន្ទុក និងដោះស្រាយបញ្ហាជីវភាពរបស់ពួកគេ។
លោកបន្តថា ប៉ុន្តែប្រាក់ឧបត្ថម្ភនេះ វាបានជួយកម្មករតែមួយរយៈពេលខ្លីទេ ដូច្នេះអ្វីដែលសំខាន់ គឺលោកចង់ឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ធ្វើយ៉ាងណារកវិធីឱ្យអ្នកបញ្ជាទិញមានការកើនឡើង និងបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញលើការផលិតក្នុងប្រទេសកម្ពុជា។
លោក គង់ អាទិត្យ បានថ្លែងថា៖ «យើងដឹងហើយថា រាជរដ្ឋាភិបាលគាត់ក៏ដឹងហើយអ្នកពាក់ព័ន្ធគាត់ក៏ដឹងដែរ ថាតើគួរត្រូវធ្វើបែបណាដើម្បីរក្សាឱ្យបាន និងទាញយកមកវិញឱ្យបាននូវអីវ៉ាន់មួយចំនួនដែលយើងធ្លាប់មាន ហើយយើងនឹងរកអីវ៉ាន់ថ្មីណា ដែលបញ្ជាទិញពីខ្មែរយើងកាន់តែច្រើនថែមទៀត»។
លោកបន្ថែមថា ក្រៅពីនេះ រដ្ឋក៏ត្រូវមានគោលនយោបាយផ្សេងៗដោយធ្វើបែបណាដើម្បីរួមចំណែកមួយផ្នែកក្នុងការសម្រាលបន្ទុក និងដោះស្រាយបញ្ហាជីវភាពរបស់កម្មករ។
សូមរំឭកផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនាកន្លងទៅ បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីប្រមាណ ៣ ម៉ឺននាក់ ដែលរោងចក្រព្យួរការងារដើម្បីដោះស្រាយបញ្ហា ដែលបាននិងកំពុងកើតមាននៅក្នុងវិស័យកាត់ដេរនៅកម្ពុជា។