(ភ្នំពេញ)៖ នៅវេលារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
នៅក្នុងជំនួបសម្តែងការគួរសមហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement - CEPA)។
សូមបញ្ជាក់ថា កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមប្រកាសបើកការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ មុននឹងឈានដល់ការចុះហត្ថលេខានៅថ្ងៃនេះ ក្រុមការងារប្រទេសទាំងពីរ បានបើកការជជែកគ្នាយ៉ាងយកចិត្តទុកដាក់ខ្ពស់ចំនួន៣លើក។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាមានរំពឹងថា អាចទាញផលប្រយោជន៍ជាអតិបរមា។ ក្នុងនោះ កម្ពុជា នឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។
ទន្ទឹមគ្នានេះកម្ពុជា ក៏នឹងពិចារណាក្នុងការនាំចូលមុខទំនិញអាទិភាព ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។
តាមរយៈកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កាន់តែរស់រវើក ហើយទីផ្សារទំនិញប្រទេសទាំងកាន់តែទូលំទូលាយផងដែរ៕