ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមឃ្មុំជាសហគមន៍និងការធ្វើពិពិធកម្មផលិតផលពីឃ្មុំ ដើម្បីលើកស្ទួយជីវភាពនៅមូលដ្ឋាន ពិសេសជាផ្នែកមួយជួយអភិរក្សជីវចម្រុះ តាមរយៈការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋពីការកាប់ព្រៃឈើនិងបរបាញ់សត្វជាដើម។
ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវក្នុងការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលកិច្ចពិគ្រោះយោបល់នេះ ក៏មានការចូលរួមពីលោក សាដា អ៊ូម៉ា អាឡាម អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងស្ថាប័ន និងអង្គការដៃគូ ជាច្រើនរូបទៀត។
យោងតាមក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងថា ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន គឺជាកិច្ចការអាទិភាពមួយរបស់ក្រសួងបរិស្ថាន។ ជាក់ស្តែង ការអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ ផ្ដល់គុណប្រយោជន៍ជាច្រើនដល់សហគមន៍ពិសេសការលើកកម្ពស់ជីវភាពសហគមន៍ និងការផ្ដល់ជម្រើសមុខរបរជូនប្រជាសហគមន៍។
លោកបានបញ្ជាក់ថា៖«កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ទទួលបានជោគជ័យលុះត្រាតែប្រជាសហគមន៍មូលដ្ឋានមានប្រភពចំណូលជាប្រចាំនិងមានជីវភាពធូរធារ»។
ជាមួយគ្នានេះលោកបានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមឃ្មុំជាសហគមន៍ការធ្វើពិពិធកម្មផលិតផលពីឃ្មុំ និងការធ្វើស្លាកយីហោផលិតផលពីឃ្មុំប្រចាំសហគមន៍ ដោយផ្តោតលើការសិក្សាថាតើដើមឈើប្រភេទណា ព្រៃប្រភេទណា ផ្កាប្រភេទណា ដែលផ្ដល់ផលិតផលពីឃ្មុំ ជាពិសេសទឹកឃ្មុំ មានគុណភាពខ្ពស់និងទាក់ទាញ។
លោកបានបន្តថា៖«ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកជាឱសថ ប៉ុន្តែទឹកឃ្មុំគួរតែត្រូវបានចាត់ជាអាហារប្រចាំថ្ងៃដើម្បីជាប្រភពប្រូតេអ៊ីន និងអាហារូបត្ថម្ភដ៏សំខាន់ សម្រាប់ការលូតលាស់នៃសារពាង្គកាយ ហើយផលិតផលពីឃ្មុំរបស់ខ្មែរ ត្រូវបំពេញតម្រូវការក្នុងស្រុកផងនិងមានវត្តមាននៅលើទីផ្សារអន្តរជាតិ»។
លោកសាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានលើកឡើងតាមរយៈក្រសួងបរិស្ថានថា ខ្សែចង្វាក់តម្លៃទឹកឃ្មុំផ្តល់ប្រភពនៃការលើកកម្ពស់ជីវភាពរស់នៅដ៏សំខាន់សម្រាប់សហគមន៍កម្ពុជាជាច្រើន ដែលពឹងផ្អែកលើធនធានធម្មជាតិ។ ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍខ្សែចង្វាក់តម្លៃទឹកឃ្មុំ និងធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារ ដែលមានតម្លៃខ្ពស់នៅបណ្តាប្រទេសផ្សេងៗ។
លោកថា៖ «វាគឺជាការចាំបាច់ត្រូវពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពស្ថាប័ន ដើម្បីអភិវឌ្ឍទិន្នន័យវិទ្យាសាស្ត្រនិងការស្រាវជ្រាវ និងលើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព»។
បើតាមលោក សាយ សំអាល់ ដើម្បីសម្រេចបានគោលដៅបំពេញតម្រូវការទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ កម្ពុជាត្រូវមានការងារជាអាទិភាពចំនួន៣សំខាន់ ក្នុងនោះរួមមាន៖ ការរៀបចំផែនការជាតិចិញ្ចឹម និងការអភិរក្សឃ្មុំព្រៃ,ស្វែងរកទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ និងការផ្សព្វផ្សាយពីផលិតផលទាំងនេះឱ្យបានទូលំទូលាយ៕