អ្នកជំនាញមកពីបារាំង និងនៅក្នុងស្រុកបានធ្វើការបង្ហាញសិល្បៈគំនូរសេរ៉ាម៉ិចរបស់ខ្មែរ ដើម្បីជួយស្វែងរកទីផ្សារនៅក្នុងស្រុក និងក្រៅប្រទេស។លោក Stanislas Loubieres អ្នកជំនាញបារាំងផ្នែកសេរ៉ាម៉ិចបានលើកឡើងនៅក្នុងសន្និសីទសារព័ត៍មានស្តីពីពិព័រណ៍ផ្ទាំងគំនូរ ស្មូនបែបសេរ៉ាម៉ិចរបស់ខ្មែរកាលពីយប់ថ្ងៃទី០៧មិថុនានៅផ្សារទំនើប និងអគារពាណិជ្ជកម្ម The PEAK ក្នុងរាជធានីភ្នំពេញឱ្យដឹងថា មានផ្ទាំងគំនូរ ស្មូន នៃសិល្បៈបែបសេរ៉ាម៉ិចរបស់ខ្មែរជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ដើម្បីស្វែងរកការគាំទ្រ និងជួយកម្ពស់ទីផ្សារនាំចេញ ក៏ដូចជាទីផ្សារក្នុងស្រុក ខណៈផ្ទាំងគំនូរ ស្មូន នៃសិល្បៈបែបសេរ៉ាម៉ិចរបស់ខ្មែរនៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។លោក Stanislas Loubieres បានណែនាំដល់អ្នកធ្វើអាជីវកម្មសេរ៉ាម៉ិចក្នុងស្រុកត្រូវរចនាប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ជនជាតិបរទេស។
សូមបញ្ជាក់ថា សិប្បកម្មសេរ៉ាមិចដែលជាផ្នែកមួយសិប្បកម្មស្មូនខ្មែរ គឺភាគច្រើនមានការផលិតជាសម្ភារប្រើប្រាស់ ដូចជា ក្អម ឆ្នាំង ចាន និងវត្ថុអនុស្សាវរីយ៍ប្រណីតៗ ដែលត្រូវបានដាក់តាំងបង្ហាញនៅតាមបណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ជាដើម។លោក សុន សីហាក់ ដែលជាម្ចាស់សិប្បកម្ម «មរតកសេរ៉ាម៉ិចខ្មែរ» មានទីតាំងនៅខេត្តសៀមរាប បានបញ្ជាក់ថា សិប្បកម្មមរតកសេរ៉ាម៉ិច បានបើកដំណើរការជិត១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រពីសំណាក់បណ្តាជនបរទេសច្រើនជាងខ្មែរ ដែលភាគច្រើនពួកគេទិញយកទៅដាក់តាំងនៅក្នុងហាង សណ្ឋាគារ ភោជនីយដ្ឋាន ឬទីតាំងអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែ នៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ វិស័យទេសចរណ៍បានធ្លាក់ចុះ បានធ្វើឱ្យការលក់របស់សិប្បកម្មស្ទើរគ្រប់ប្រភេទមានការធ្លាក់ចុះ ដោយសារតែអតិថិជនភាគច្រើនជាជនបរទេស៕លោកបានបន្តថាមួយរយៈចុងក្រោយនេះមានប្រជាពលរដ្ឋខ្មែរបានគាំទ្រសេរ៉ាម៉ិចខ្មែរច្រើនពិសេសនៅក្នុងអំឡុងពេលកូវីដ១៩បន្ទាប់ពីលោកបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមប្រជាពលរដ្ឋបានជួយកម្ម៉ង់ទិញសិប្បកម្មសេរ៉ាមិចច្រើនបើទោះបីជាមិនមានភ្ញៀវបរទេសក៏ដោយពីព្រោះថាកាលមុនកូវីដ១៩លោកធ្វើសេរ៉ាម៉ិចសម្រាប់តែភ្ញៀវបរទេសទេតែដោយសារកូវីដលោកបានធ្វើការកែឆ្នៃពីសិល្បៈបែបបរទេសមកជាលក្ខណៈខ្មែរវិញ។
លោកបានបន្ថែមទៀតថា «ឥឡូវនេះសិប្បកម្មខ្ញុំបានទាំងពីរទាំងភ្ញៀវក្នុងស្រុកផងនិងភ្ញៀវបរទេសផងហើយភ្ញៀវខ្លះគាត់កម្ម៉ង់ពីខ្ញុំទលក់បន្តនក្រៅប្រទេសដោយដឹកជញ្ជួនខ្លួនគាត់»។ លោកបានបញ្ជាល់ថា លោកនឹងខិតខំរៀងសូត្របន្ថែមទៀតពីអ្នកជំនាញបរទេសនិងទំនាក់ទំនងជាមួយដៃគូដើម្បីអាចនាំចេញសិប្បកម្មសេរ៉ាម៉ិញនេះទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ លោកបានបញ្ជាក់ទៀតថា ចំពោះតម្លៃវិញទាបបំផុតចាប់ពី១ដុល្លារនិងខ្ពស់បំផុតរហូតដល់៧០០ដុល្លារ៕