ជនជាតិរុស្ស៊ីត្រូវបានត្រីឆ្លាមកាចសាហាវខាំបណ្តាលឲ្យបាត់បង់ជីវិត នៅឆ្នេរសមុទ្រក្រហមប្រទេសអេហ្ស៊ីប។ នេះបើតាមក្រសួងបរិស្ថានរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែមិថុនា ឆ្នាំ២០២៣ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook។
ត្រីឆ្លាមកំណាចដែលជាប្រភេទ tiger shark បានខាំបុរសម្នាក់ជនជាតិរុស្ស៊ី ក្នុងពេលកំពុងដើរលេងទឹកក្នុងឆ្នេរសមុទ្រក្រហម Hurghadaប្រទេសអេហ្ស៊ីប។ សាក្សីអ្នកមុជទឹកម្នាក់ដែលបានមកដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីការវាយប្រហារបាននិយាយថា មិនអាចជួយសង្រ្គោះជនរងគ្រោះទាន់ពេលវេលាទេ។ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បាននិយាយថា អ្នកដែលស្លាប់គឺជាបុរសជនជាតិរុស្សី កើតក្នុងឆ្នាំ ១៩៩៩ ដែលរស់នៅក្នុងប្រទេសអេហ្ស៊ីបយូរមកហើយ ហើយមិនមែនជាអ្នកទេសចរអ្វីឡើយ។
សេចក្តីថ្លែងការណ៍បានបន្តថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធរបស់អេហ្ស៊ីបចាប់បានត្រីឆ្លាមនោះ ហើយអាជ្ញាធរក្នុងតំបន់បានចេញបម្រាមលើការហែលទឹក ការដេកហាលថ្ងៃ និងសកម្មភាពកីឡាទឹកផ្សេងៗទៀតនៅលើឆ្នេរជាច្រើននៅជិតកន្លែងវាយប្រហារ៕