កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្មករកម្មការិនី និងនិយោជិតទទួលបានប្រាក់ពលកម្មសរុបប្រមាណ៣ប៊ីលានដុល្លារ ក្នុងមួយឆ្នាំ ចេញពលកម្មក្នុងវិស័យឧស្សាហកម្ម នៅទូទាំងប្រទេសកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិត នៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រាក់ពលកម្មរបស់កម្មករកម្មការិនី បានចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ន មានពលករខ្មែរ ប្រមាណជាង ១,៣លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះ ១,២ លាននាក់នៅប្រទេសថៃ ៤,៦ម៉ឺននាក់ នៅប្រទេសកូរ៉េ ជាង២ម៉ឺននាក់ នៅម៉ាឡេស៊ី និងជាង ១ម៉ឺននាក់នៅជប៉ុន។
ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសបានផ្ញើប្រាក់ចូលមកក្នុងប្រទេសផ្គត់ផ្គង់គ្រួសារ មានប្រមាណ ២,៧ប៊ីលានដុល្លារក្នុងមួយឆ្នាំៗ។
សូមបញ្ជាក់ថា វិស័យកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង ជាវិស័យរកចំណូលជាតិបានច្រើនជាងគេនៃការនាំចេញសរុបរបស់ប្រទេសកម្ពុជា។ វិស័យនេះ មានរោងចក្រ ប្រមាណជាង១,៣២០០ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ដែលបង្កើតការងារធ្វើដល់កម្មករកម្មការនី និយោជិត ប្រមាណជាង ៨៥ម៉ឺននាក់៕