ចិន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាម៉េរិក លោកសៀហ្វេង (Xie Feng) បាននិយាយថា អាម៉េរិកនិងប្រទេសចិនចំាបាច់ត្រូវរិះរកមាគ៌ាត្រឹមត្រូវនិងសមស្របថ្មីមួយ ដើម្បីអាចរស់នៅចុះសម្រុងនឹងគ្នាឱ្យបានយូរអង្វែងនៅក្នុងយុគសម័យថ្មីនេះ។ មន្រ្តីចិនដដែលបានបន្ដទៀតថា សម្រាប់ប្រទេសចិនគឺតែងតែធើ្វការបើកចំហ និងប្រកាន់យកនូវវប្បធម៌សន្ទនាជាមួយភាគីសហរដ្ឋអាម៉េរិក ។
លោកសៀហ្វេង បានលើកឡើងបែបនេះកាលពីថ្ងៃពុធ អំឡុងថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នារវាងក្រុមពាណិជ្ជករ រៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិន ខណៈលោកបានបង្ហាញភាពត្រេកអរចំពោះបេសកកម្មការទូតរបស់លោកនៅលើទឹកដីសហរដ្ឋអាម៉េរិកក្នុងនាមជាអ្នកតំណាងប្រទេសចិន និងបានបន្ដលើកឡើងអំពីការវិវត្តន៍នៃស្ថានការណ៍ក្នុងពិភពលោកនាពេលបច្ចុប្បន្នដែលពោរពេញទៅដោយវិបត្តិនិងបញ្ហាផ្សេងៗជាច្រើន។
មន្រ្តីការទូតចិនរូបនេះបានបន្ថែមថា ក្រោយពីបានធើ្វការស្វែងយល់ពីមនុស្សនៅជុំវិញខ្លួនអស់រយៈពេលជាងពីរសប្តាហ៍កន្លងមក លោកបានរកឃើញថា ក្តីកង្វល់របស់ពួកគេភាគច្រើននៅថ្ងៃខាងមុខ គឺលទ្ធភាពនៃការប្រឈមមុខដាក់គ្នាដោយអាវុធរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ទៅលើបញ្ហាវិវាទផ្សេងៗដែលកំពុងកើតឡើង។
លោកបានបញ្ជាក់ជាបន្តទៀតថា ពាក់ព័ន្ធនឹងគោលនយោបាយរបស់ប្រទេសចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតីស៊ីជីនពីង បានផ្តោតទៅលើយន្តការបីសំខាន់ៗ រួមមាន៖ ការគោរពគ្នាទៅវិញទៅមក, ការរួមរស់ដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈ្នះៗ ដែលសុទ្ធសឹងតែជាមូលដ្ឋានគ្រឹះនៃការកសាងទំនាក់ទំនងទ្វេភាគីរវាងប្រទេសនីមួយៗ និងជាមាគ៌ាមួយដ៏ត្រឹមត្រូវសម្រាប់ការបន្ដរួមរស់ជាមួយគ្នាដោយសន្ដិភាពនាយុគសម័យថ្មី៕