ត្បូងទទឹមទំហំ ៥៥.២២ ការាត់មួយគ្រាប់ បានដាក់ដេញថ្លៃក្រោមតម្លៃ ៣៤.៨ លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។ វាត្រូវគេទិញយកនៅទីក្រុងញូវយ៉ក បន្ទាប់ពីក្រុមហ៊ុន Fura Gems ទើបតែរកឃើញត្បូងនេះ ក្នុងអណ្ដូងរ៉ែនៃប្រទេសម៉ូសំប៊ិក មិនទាន់បានមួយឆ្នាំផង ។
មុនពេលលក់ Sotheby’s ពណ៌នាពីគ្រឿងអលង្ការនេះថា កម្រ និងមានតម្លៃបំផុត ហើយមិនធ្លាប់មានលើទីផ្សារឡើយ ។ គេដាក់ឈ្មោះឲ្យវាថា “ Estrela de Fura — ឬ Star of Fura” ជាភាសាផ្លូវការរបស់ប្រទេសម៉ូសំប៊ិក គឺព័រទុយហ្គាល់ ។
ត្រឡប់ទៅដឹងពីកំណត់ត្រាចាស់វិញ តាមពិតគេធ្លាប់លក់ត្បូងទទឹមធំបំផុតទំហំត្រឹមតែ ២៥.៥៩ ការាត់ ក្រោមតម្លៃ ៣០.៣ លានដុល្លារប៉ុណ្ណោះ នៅស្វីស ឆ្នាំ ២០១៥ ។ទោះបីជាត្បូងទទឹមត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសម៉ូសំប៊ិកប៉ុន្មានទសវត្សរ៍មុនក៏ដោយ ក៏ឧស្សាហកម្មដ៏សំខាន់មួយនេះបានលេចឡើងបន្ទាប់ពីឆ្នាំ ២០០៩ ។
ឥឡូវនេះ ម៉ូសំប៊ិក គឺជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានផលិតភាពរ៉ែត្បូងទទឹមច្រើនបំផុតក្នុងពិភពលោក ៕