Alynana Media Cambodia
Icon Collap
clinic narit

ការលក់ខុនដូនៅថៃបន្តធ្លាក់ចុះ ប៉ុន្តែការជួលហាក់កម្រើកឡើងវិញ

Media LNN | Jun 12, 2023
ការលក់ខុនដូនៅថៃបន្តធ្លាក់ចុះ ប៉ុន្តែការជួលហាក់កម្រើកឡើងវិញ
Clinic narith

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ទីផ្សារខុនដូនៅប្រទេសថៃបានជួបប្រទះនឹងការថមថយ ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។ ស្ថិតិនៃការលក់បាន និងកំពុងតែបន្តធ្លាក់ចុះ ប៉ុន្តែការជួលវិញគឺហាក់មានសញ្ញាកម្រើកឡើងវិញ ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation ។លោក ស៊ូរ៉ាចេត គង់ឆេប (Surachet Kongcheep) នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនៈទ្រព្យ Property DNA Co Ltd បាននិយាយថា និន្នាការនៃជួលខុនដូដែលផ្តោតលើក្រុមនិស្សិត ឬខុនដូក្នុងបរិវេណសាលា កំពុងតែមានការកើនឡើង ខណៈដែលអ្នកវិនិយោគិន អចលនទ្រព្យធំៗក៏កំពុងបង្ហាញចំណាប់អារម្មណ៍នៅក្នុងទីផ្សារនេះផងដែរ។

លោកបានអះអាងថា ក្រុមហ៊ុនអចលនទ្រព្យយ៉ាងហោចណាស់ ៤ បានបង្វែរការចាប់អារម្មណ៍របស់ពួកគេមកផ្នែកនេះ ហើយទីតាំងពេញនិយមសម្រាប់ខុនដូក្នុងបរិវេណសាលា គឺដូចជានៅម្តុំជិតសាកលវិទ្យាល័យធម្មាសាត និងសាកលវិទ្យាល័យបាងកក បន្ទាប់មកគឺម្តុំសាកលវិទ្យាល័យកាសេតសាត។ ទីតាំង​ទាំង​នេះគឺសម្រាប់ជួលឱ្យក្រុម​និស្សិត និង​អ្នក​ប្រកបរបរផ្សេងៗនៅម្តុំនោះ។

តំបន់ពេញនិយមផ្សេងទៀតជាគម្រោងនៅជិតសាកលវិទ្យាល័យម៉ាហ៊ីដុល, សាកលវិទ្យាល័យអាសាំសិន និងកន្លែងស្រដៀងៗគ្នានេះ។

នៅពេលនេះអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងមើលឃើញឱកាសក្នុងការទាញយកប្រាក់ពីក្រុមអ្នកវិនិយោគដែលចាប់អារម្មណ៍ទិញកន្លែងស្នាក់ក្នុងគោលបំណងជួល រួមទាំងពីឪពុកម្តាយ និងសិស្សដែលមានបំណងទិញ ប៉ុន្តែក្រោយមកទុកជួល ឬលក់ បន្ទាប់ពីកូនៗរបស់ពួកគេបញ្ចប់ការសិក្សា។

ទំហំចំណូលពីការជួលត្រូវបានគេរាយការណ៍ថាមានជាង ៦ ​ភាគរយ ក្នុងមួយឆ្នាំនៅម្តុំសង្កាត់រ៉ាងស៊ីត ក្នុងខេត្តផាធំថានី។ វិនិយោគិនដែលទិញកន្លែងស្នាក់ច្រើន អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃបន្ថែម ដែលនាំឱ្យចំណូលពីការជួលត្រលប់មកវិញមានរហូតដល់ ៨ ភាគរយ ហើយតម្លៃនៃការជួលមានចាប់ពី ​២៣០ ដុល្លារ ទៅ ៣៥០ ដុល្លារក្នុងមួយខែ។

ដោយឡែក លោក ភីយ៉ា ប្រាយុង ( Piya Prayong) នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Pruksa Real Estate បាននិយាយថា បច្ចុប្បន្នអ្នកអភិវឌ្ឍកំពុងស្វែងរកគំរូវិនិយោគថ្មីដើម្បីបង្កើតប្រាក់ចំណូលដែលមានស្ថិរភាព។

លោកបានអះអាងថា ក្រុមហ៊ុនមានគោលបំណងអភិវឌ្ឍគម្រោងខុនដូ ដែលត្រូវបានសាងសង់ឡើងសម្រាប់ទុកជួល ស្រដៀងនឹងផ្ទះល្វែងនៅតំបន់ រ៉ាងស៊ីត និង កាសេតសាត ចំនួន ប្រមាណជា ១ ពាន់ឯកតា ដោយនៅក្នុងមួយឯកតាអាចជួលបាន ២៨០ ដុល្លារក្នុងមួយខែ។នៅពេលនេះ គម្រោងខុនដូថ្មីៗប្រភេទនេះលើទីផ្សារមានតម្លៃចាប់ពី ៣ ម៉ឺន ៧ ពាន់ដុល្លារ ទៅ ៤ ម៉ឺន ៣ពាន់ដុល្លារ ក្នុងមួយឯកតា៕