Alynana Media Cambodia
Icon Collap
clinic narit

តម្លៃ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត កើនឡើង ៥០​ រៀល​ ក្នុង ​១ ​លីត្រ​ព្រម​គ្នា​

Media LNN | Jun 12, 2023
តម្លៃ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត កើនឡើង ៥០​ រៀល​ ក្នុង ​១ ​លីត្រ​ព្រម​គ្នា​
Clinic narith

ភ្នំពេញៈ ​តម្លៃ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត លក់រាយ​ពីថ្ងៃ​ទី​ ១១-២១ ខែមិថុនា ឆ្នាំ​ ២០២៣ បាន​កើនឡើង​ព្រម​គ្នា​ចំនួន ៥០ ​រៀល ​ក្នុង ​១​ លីត្រ ខណៈ​ប្រទេស​ផលិត​ប្រេង​ធំៗ​គ្រោង​ចាប់ផ្តើម​កាត់បន្ថយ​ការផលិត​ចាប់ពី​ដើមខែ​កក្កដា ខាងមុខ​តទៅ​។​967aec83ef58ffa0e49454cf0734c788-9

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ ដែល​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃទី​១១ ខែមិថុនា ឱ្យដឹងថា ចាប់ពី​ថ្ងៃទី​១១-២១ ខែមិថុនា ប្រេងសាំង​ធម្មតា​(EA92)​លក់រាយ​នៅតាម​ស្ថានីយ​មានតម្លៃ ៤ ២០០​រៀល​ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត ៣ ៩០០​រៀល​។ តម្លៃ​ប្រេង​ទាំង ២ ប្រភេទ​បាន​កើនឡើង ៥០​រៀល​ដូចៗ​គ្នា​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ក្នុង​ពេលនេះ​ធៀប​នឹង​ដើមឆ្នាំ​២០២៣​គឺ​ធ្លាក់ចុះ​បន្តិចបន្តួច ដោយ​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣ ប្រេងសាំង​លក់រាយ​នៅតាម​ស្ថានីយ មានតម្លៃ ៤ ៥៥០​រៀល​ក្នុង​លីត្រ ខណៈ​ប្រេងម៉ាស៊ូត មានតម្លៃ ៤ ២០០​រៀល​។​

​បណ្តាញ​ព័ត៌មាន BBC កាលពី​ថ្ងៃទី​៥ ខែមិថុនា បានសរសេរថា បន្ទាប់ពី​ធ្លាក់ចុះ​មួយរយៈ តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​បានចាប់ផ្តើម​កើនឡើង​បន្តិច ខណៈ​អារ៉ាប៊ីសាអ៊ូឌីត ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​លើ​លើ​ពិភពលោក កាលពីពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា ខ្លួន​នឹង​កាត់បន្ថយ​ផលិតផល​ប្រេង​ចំនួន​ប្រេង ១​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ (bpd) នៅក្នុង​ខែកក្កដា ខាងមុខ​។ បន្ថែម​ពីលើ​នេះ សមាជិក​ក្រុម​ប្រទេស​ផ្សេងទៀត នៃ​អង្គការ​OPec+ ដែលជា​ក្រុម​ប្រទេស​ផលិត​ប្រេង​ក៏បាន​យល់ព្រម​បន្ត​កាត់បន្ថយ​ផលិតកម្ម​ក្នុងការ​ប៉ុនប៉ង​ដើម្បី​លើក​ទង់​សម្រាប់​តម្លៃ ខណៈ​OPec+ មាន​ចំនួន​ប្រហែល ៤០​ភាគរយ​នៃ​ប្រេង​ឆៅ​របស់​ពិភពលោក​។​ការសម្រេចចិត្ត​នេះ​អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​តម្លៃ​ប្រេង​សកល​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១១ ខែមិថុនា​ថា​ទោះ​កន្លងមក​កម្ពុជា​ធ្លាប់បាន​បូម​យក​ប្រេង​ឆៅ​ពី​បាតសមុទ្រ ប៉ុន្តែ​ប្រទេស​កម្ពុជា​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​នាំចូល​ប្រេង​ពី​ទីផ្សារ​អន្តរជាតិ​មក​បំពេញតម្រូវការ​ក្នុងស្រុក​។ តម្លៃ​ប្រេង​នៅ​កម្ពុជា​គឺ​ប្រែប្រួល​តាម​ទីផ្សារ​អន្តរជាតិ​។ លោក​បន្តថា ដោយសារ​តម្លៃ​ប្រេង​តែង​ជាប់ទាក់ទង​នឹង​គ្រប់​សកម្មភាព​ផលិតកម្ម ដូច្នេះ​បើ​វា​កើន​ឡើងជា​បន្តបន្ទាប់​ក៏​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ដែរ​។​

 

​លោក​និយាយថា​៖«​ក្នុងនាម​ជា​ប្រទេស​នាំចូល គឺ​យើង​ចង់ឱ្យ​តម្លៃ​ប្រេង​នៅ​ទាប ព្រោះ​តម្លៃ​ថាមពល​ទាប វា​នឹង​ជួយ​ឱ្យ​ថ្លៃដើម​ផលិត​កាន់តែ​ទាប​ដែរ​»​។​

​កាលពី​ខែធ្នូ ឆ្នាំ​២០២២ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ភាព​ទាក់ទាញ​ច្រើន​សម្រាប់​ការបណ្តាក់ទុន​ផ្ទាល់ ហើយ​វា​នឹង​កាន់តែ​ពិសេស​បន្ថែមទៀត​ប្រសិនបើ​កម្ពុជា​អាចធ្វើ​យ៉ាងណា​បញ្ចុះតម្លៃ​ថាមពល​ឱ្យបាន​ទាប​ជាជាង ឬ​ប្រហាក់ប្រហែល​នឹង​ប្រទេសជិតខាង​។​

​លោក​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែធ្នូ ឆ្នាំ​២០២២ ថា​៖«​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​ផ្គួប​ផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស ព្រោះថា ប្រេង និង​អគ្គិសនី​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការចំណាយ​ទៅលើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ កាលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប អ្នកវិនិយោគ​ក្រៅ​ស្រុក​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»៕