Alynana Media Cambodia
Icon Collap
clinic narit

ត្រឹមរយៈ ៥ខែកម្ពុជានាំចេញទំនិញមានទឹកប្រាក់សរុបជាង ៩ ពាន់លានដុល្លារ

Media LNN | Jun 12, 2023
ត្រឹមរយៈ ៥ខែកម្ពុជានាំចេញទំនិញមានទឹកប្រាក់សរុបជាង ៩ ពាន់លានដុល្លារ
Clinic narith

ភ្នំពេញ៖ កម្ពុជា បាននាំចេញផលិតផលមានតម្លៃសរុបជាង ៩.១ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ផលិតផលដែលនាំចេញ​សំខាន់ៗរួមមាន​សំលៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួន​ដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ ដោយបន្ថែមថា គោលដៅនាំចេញកំពូលទាំងប្រាំរបស់​កម្ពុជាគឺសហរដ្ឋអាមេរិក វៀតណាម ចិន ថៃ និងជប៉ុន។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជាជាមួយនឹងបរិមាណនាំ​ចេញចំនួនជាង ៣ ពាន់លានដុល្លារ ធ្លាក់ចុះ១៤ភាគរយធៀបនឹងឆ្នាំមុន។

ការនាំចេញទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ១ ៣០០ លានដុល្លារ កើនឡើង ២២% ខណៈការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង ១៣,៣% ឬស្មើនឹងប្រមាណជិត ៦០០ ដុល្លារ​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា វិស័យឧស្សាហកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៃរោងចក្រសហគ្រាសនៅខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្រោយវិបត្តិកូវីដ-១៩ ​រាជរដ្ឋាភិបាលកម្ពុជា ខិតខំទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុនក្នុងប្រទេស​ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។

បច្ចុប្បន្ននេះ មានរោងចក្រកាត់ដេរ ស្បែកជើង ​និងផលិតផលធ្វើដំណើរ មានជិត ​១៤០០នៅ​ទូទាំងប្រទេស ​ដែលមានកម្មករប្រមាណ ៨៥ម៉ឺននាក់។ វិស័យនេះ បានបង្កើតចំណូលដល់​កម្មករកម្មការិនី និយោជិតប្រមាណ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ជាមួយគ្នានេះ ​កម្ពុជាបាន ​នាំចូលសរុបចំនួន ១០.១ ពាន់លានដុល្លារក្នុងអំឡុងប្រាំខែនេះ ថយចុះ ២២,៦ ភាគរយធៀននឹងឆ្នាំមុន។

ទំនិញនាំចូលសំខាន់ៗរួមមាន ប្រេង និងឧស្ម័ន​ វត្ថុធាតុដើមសម្រាប់កាត់ដេរ​ ស្បែកជើង និងផលិតផល​ធ្វើដំណើរ យានជំនិះ ​គ្រឿងចក្រ ​គ្រឿង​អេឡិចត្រូនិក និងផលិតផល​ប្រើប្រាស់ផ្សេងៗ៕