ហ្វីលីពីន៖ ភ្នំ Mayon ជាភ្នំភ្លើងដ៏សកម្មបំផុតរបស់ប្រទេសហ្វីលីពីន បានចាប់ផ្តើមមានសកម្មភាពបញ្ចេញកម្អែភ្លើង កាលពីថ្ងៃអាទិត្យម្សិលមិញ បានញាំងឱ្យអាជ្ញាធរក្នុងតំបន់ប្រកាសជម្លៀសពលរដ្ឋរាប់ពាន់នាក់ទៅកាន់ទីសុវត្ថិភាព ខណៈកើតមានការព្រួយបារម្ភជាខ្លាំងចំពោះលទ្ធភាពនៃហេតុការណ៍បន្ទុះទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ។
គិតមកដល់ពេលនេះ អាជ្ញាធរបានជម្លៀសពលរដ្ឋក្នុងតំបន់ប្រមាណជាង ១២០០០នាក់ចេញពីផ្ទះសម្បែង ភាគច្រើនក្នុងចំណោមនោះ គឺជាក្រុមអ្នកភូមិដែលរស់នៅក្នុងសហគមន៍កសិកម្មក្រីក្រស្ថិតនៅចន្លោះរយៈចម្ងាយប្រហែលជា ៦គីឡូម៉ែត្រពីមាត់ភ្នំភ្លើង Mayon ក្នុងខេត្ត Albay ភាគឦសានប្រទេសហ្វីលីពីន។
បន្ថែមពីនេះ ការជម្លៀសពលរដ្ឋ បានកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីភ្នំភ្លើង Mayon បានចាប់ផ្តើមសកម្មភាពបញ្ចេញកម្អែភ្លើងមកខាងក្រៅឡើងវិញ បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលប្រមាណមួយសប្តាហ៍។
ទាក់ទងទៅនឹងបញ្ហានេះដែរ អាជ្ញាធរហ្វីលីពីន បានចេញការព្រមានទៅកាន់ពលរដ្ឋជាច្រើនរាប់ពាន់នាក់ផ្សេងទៀតដែលមិនទាន់បានជម្លៀសខ្លួន ទៅតាមការណែនាំរបស់អាជ្ញាធរ ស្របពេលមានសេចក្តីប្រកាសថា ភូមិសាស្រ្តផ្នែកខាងក្រោមភ្នំភ្លើង Mayon គឺជាតំបន់គ្រោះថ្នាក់។
ភ្លាមៗ បន្ទាប់ពីភ្នំភ្លើង Mayon ចាប់ផ្តើមសកម្មភាពបញ្ចេញកម្អែភ្លើងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តភ្នំភ្លើងនិងគ្រោះរញ្ជួយដីរបស់ហ្វីលីពីន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងមួយថា៖ តំបន់គ្រោះថ្នាក់ផ្នែកខាងក្រោមជុំវិញបរិវេណភ្នំភ្លើងមួយនេះ អាចនឹងរីករាលដាលកាន់តែខ្លាំងថែមទៀត ប្រសិនបើសកម្មភាពបន្ទុះនៅតែបន្តកើនឡើងខ្លាំង ៕