(កំពង់ធំ)៖ ដោយឃើញពីសកម្មភាពមមាញឹកក្នុងការបម្រើ និងដោះស្រាយការលំបាកជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាត និងតាមសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់តាំងតំណាងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលមានអង្ករចំនួន៥តោន មីជាតិចំនួន៣០០កេស មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្តសកម្មភាពមនុស្សធម៌បម្រើប្រជាជននិងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំបន្តទៅទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែបានផ្ដល់នូវស្បៀងអាហារគ្រឿងឧបភោគបរិភោគដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងសកម្មភាពការបម្រើមនុស្សធម៌។
ឧត្តមសេនីយ៍ទោ បានប្តេជ្ញាចិត្តនាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគទាំងនេះទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា ឱ្យបានទាន់ពេលវេលាដើម្បីជួយសម្រាល និងដោះស្រាយដល់ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ៕