បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មចំនួន៤៣១កន្លែង កំពុងឆេះនៅទូទាំងប្រទេសកាណាដា ហើយក្នុងនោះ មាន២០៨កន្លែង កំពុងឆេះកញ្ជ្រោលខ្លាំង ដោយមិនអាចគ្រប់គ្រងបាន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ លោក Bill Blair និយាយកាលពីថ្ងៃចន្ទទី១២ខែមិថុនា។
លោក Blair បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា “ថ្វីបើភ្លើងឆេះព្រៃនៅកន្លែងខ្លះ មានភាពធូរស្រាលក៏ដោយ ប៉ុន្តែនៅភាគខាងលិច ខេត្តកេបិច និងតំបន់ភាគខាងជើង Ontario នៅតែប្រឈមមុខនឹងការជូនដំណឹងព្រមានអំពីគុណភាពខ្យល់ ដោយសារតែផ្សែងភ្លើងឆេះព្រៃ”។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីបន្តថា ចំនួនមនុស្សដែលត្រូវជម្លៀសនៅទូទាំងប្រទេសបានកើនឡើងយ៉ាងខ្លាំងពី ២០១៨៣នាក់នៅថ្ងៃទី៧ខែមិថុនា ដល់ទៅជិត៣២០០០នាក់ នាពេលនេះ។ លោកបានកត់សម្គាល់ទៀតថា ជាមួយនឹងព្រៃឈើទំហំ៤.៧លានហិកតាត្រូវបានដុតបំផ្លាញនោះ រដូវភ្លើងឆេះព្រៃឆ្នាំ២០២៣ បានក្លាយជាដូវភ្លើងឆេះព្រៃអាក្រក់បំផុត ក្នុងសតវត្សរ៍ទី២១។ស្របពេលភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះទូទាំងប្រទេសកាណាដា, អ្នកពន្លត់អគ្គិភ័យជិត ៥០០០នាក់ ត្រូវបានដាក់ពង្រាយ រួមទាំងបុគ្គលិកគ្រប់គ្រងឧប្បត្តិហេតុ អ្នកឯកទេសពីលើអាកាស និងសមាជិកនៃកងកម្លាំងប្រដាប់អាវុធកាណាដា ផងដែរ។
រដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរ អំពីវត្តមានរបស់អ្នកពន្លត់អគ្គិភ័យអន្តរជាតិចំនួន១០៩៨នាក់ និងការមកដល់ក្នុងពេលឆាប់ៗ ពីប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញនៅចុងសប្តាហ៍ ដើម្បីជួយដោះស្រាយស្ថានការណ៍ក្នុងខេត្តកេបិច។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ផ្សែងពីភ្លើងឆេះព្រៃនៅកាណាដា បានបណ្តាលឲ្យផ្នែកខ្លះនៃភាគខាងកើតសហរដ្ឋអាមេរិក ត្រូវគ្របដណ្តប់ដោយផ្សែងដ៏ក្រាស់ ហើយក្រោយមក ផ្សែងទាំងនោះ ក៏បានរសាត់ទៅលើប្រទេសន័រវេសទៀតផង៕
ប្រែសម្រួល៖ Vann Vann