តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះជាបន្តបន្ទាប់ កាលពីថ្ងៃអង្គារ ប៉ុន្តែការដួញដូរមានភាពប្រកៀកប្រកិតគ្នា ដោយសារអ្នកវិនិយោគ នៅតែមានការប្រុងប្រយ័ត្ន នៅមុនការប្រកាសទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សព្វផ្សាយនៅពេលល្ងាចដដែល ចំពេលដែលធនាគារកណ្តាលអាមេរិក ចាប់ផ្តើមកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរយៈពេលពីរថ្ងៃរបស់ខ្លួន។
គេរំពឹងថា របាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ក្រសួងការងារសហរដ្ឋអាមេរិក នឹងបង្ហាញថា អតិផរណានឹងស្រុតចុះបន្តិចក្នុងខែឧសភា ដែលអាចឲ្យសាលប្រជុំធនាគារបម្រុងសហព័ន្ធ (Fed) ផ្អាកការដំឡើងអត្រាការប្រាក់ដ៏គំហុករបស់ខ្លួន នៅពេលដែលធនាគារប្រកាសពីការសម្រេចចិត្តស្ដីពីអត្រាការប្រាក់ នៅថ្ងៃពុធស្អែកនេះ។
បើយោងតាមគេហទំព័រ CME FedWatch Tool ទីផ្សារបច្ចុប្បន្ន កំពុងកំណត់តម្លៃ ដោយមានឱកាស ៨០ភាគរយ ដែលធនាគារសហព័ន្ធ (Fed) នឹងរក្សាអត្រាការប្រាក់ដដែល ក្នុងកិច្ចប្រជុំសប្តាហ៍នេះ។
ការរំពឹងទុកទាំងនោះ បានធ្វើឲ្យអារម្មណ៍ដែលគិតពីហានិភ័យមិនទាន់ជ្រះឡះ ដោយប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះស្ទើរតែដល់កម្រិតទាបបំផុតរយៈពេលជាច្រើនសប្តាហ៍ បើធៀបនឹងប្រាក់ដុល្លារអូស្រ្តាលី និងនូវែលហ្សេឡង់ ដែលងាយនឹងរងហានិភ័យ។
លោក Joseph Capurso ប្រធានផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងនិរន្តរភាពនៅធនាគារ Commonwealth Bank of Australia បាននិយាយថា៖ «ប្រសិនបើអតិផរណាលើសពីការរំពឹងទុកជាទូទៅនោះ ខ្ញុំគិតថា ទីផ្សារអាចធ្វើមានឲ្យឱកាសកាន់តែខ្ពស់ ដែលថាធនាគារសហព័ន្ធ (Fed) នឹងដំឡើងអត្រាការប្រាក់របស់ខ្លួន នៅសប្តាហ៍នេះ»។
ចំណែកប្រាក់ផោនរបស់ប្រទេសអង់គ្លេសវិញ បានឡើង ០,៧ភាគរយ ពោលគឺ ១ផោន ស្មើនឹង ១,២៥២០ដុល្លារ បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុតរយៈពេលមួយខែ ដែល ១ផោន មានតម្លៃស្មើនឹង ១,២៦០០ដុល្លារ កាលពីថ្ងៃចន្ទ។ ប្រាក់អឺរ៉ូបានឡើង 0,០៤ភាគរយ ដោយ ១អឺរ៉ូ ស្មើនឹង ១,០៧៦០ដុល្លារ ដោយពាណិជ្ជករក៏បានផ្តោតលើការសម្រេចលើអត្រាការប្រាក់កាលពីថ្ងៃព្រហស្បតិ៍របស់ធនាគារកណ្តាលអឺរ៉ុប បន្ទាប់ពីមានកិច្ចប្រជុំគោលនយោបាយរបស់ធនាគារ។
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បានឡើងខ្ពស់បន្តិចដល់ ១០៣,៥៩ បន្ទាប់ពីបានធ្លាក់ដល់ ១០៣,២៤ កាលពីថ្ងៃចន្ទ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី២៣ ខែឧសភា៕