ក្រសួងរ៉ែ និងថាមពលបានប្រកាសឱ្យប្រើប្រាស់នូវគោលការណ៍ថ្មី ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដើម្បីកាត់បន្ថយបញ្ហាប្រឈមមួយចំនួន និងជំរុញឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ កាន់តែមានច្បាស់លាស់ តម្លាភាព ស្មើភាព គណនេយ្យភាព និងមានប្រសិទ្ធភាព ទាំងបច្ចេកទេស និងសេដ្ឋកិច្ច។
នៅក្នុងវេទិកាផ្សព្វផ្សាយប្រកាស ស្តីពី «គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា» នៅថ្ងៃទី១៣ ខែមិថុនា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានលើកឡើងថា ដោយសារកន្លងមកមានការកើនឡើងនូវការប្រើប្រាស់ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យលើដំបូល បាននាំមកនូវបញ្ហាមួយចំនួនដែលចាំបាច់ត្រូវតែកែប្រែ ហើយបន្ទាប់ពីបានសិក្សាជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) មក បានដាក់ចេញឱ្យប្រើប្រាស់នូវគោលការណ៍ថ្មី ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល ។