រាជធានីភ្នំពេញ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កម្ពុជាទទួលបានគម្រោងចំនួន០៩ទៀត ពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសនេះ នឹងចុះហត្ថលេខារួមគ្នារវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ នៅទីស្តីការក្រសួង។ ជាមួយគ្នានោះ ក្រសួងបានឱ្យដឹងបន្ថែមថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ប្រមាណ ២ ០០០ ០០០ ដុល្លារអាម៉េរិក។ គម្រោងទាំងនោះ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។
យ៉ាងណាមិញ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ៨០នៅកម្ពុជា។ ការអនុវត្តគំនិត ផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។ គួរបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុដល់គម្រោងនាពេលកន្លងមកភាគច្រើនគ្របដណ្ដប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ សេវាកម្ម បរិស្ថាន ការការពារសម្បត្តិវប្បធម៌ វិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម និងបេតិកភណ្ឌវប្បធម៌ជាដើម៕