នាយករដ្ឋមន្ត្រីផុតអាណត្តិថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា ផែនការរបស់វិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺទុកឲ្យខាងប៉ូលិសជាអ្នកចាត់ចែង ព្រោះបញ្ហានេះលោកមិនបានលើកឡើងក្នុងជំនួបជាមួយមេប៉ូលិសជាតិនោះទេ ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីថាតើលោក ប្រាយុទ្ធ និងលោក Damrongsak Kittiprapas អគ្គស្នងការនគរបាលជាតិថៃ បាននិយាយអំពីផែនការវិលត្រឡប់ចូលមកប្រទេសថៃវិញរបស់លោក ថាក់ស៊ីន ដែរឬទេ, នាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះនិយាយថា “យើងមិនដែលនិយាយពីលោក ថាក់ស៊ីន នោះទេ ហើយតើខ្ញុំគួរពាក់ព័ន្ធនឹងគាត់ដែរឬទេ?” ។
ទន្ទឹមនោះ អ្នកសារព័ត៌មានបានសួរទៀតថាតើប៉ូលិសត្រូវរៀបចំអ្វីខ្លះ ប្រសិនបើលោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញនោះ, លោក ប្រាយុទ្ធ បាននិយាយថា រឿងនេះមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះទេ ព្រោះវាជារឿងនីតិរដ្ឋ ហើយប្រសិនបើអតីតនាយករដ្ឋមន្ត្រីរូបនេះត្រឡប់មកវិញមែននោះ គាត់នឹងត្រូវប្រឈមនិតិវិធីច្បាប់ ហើយខ្ញុំមិនមានអ្វីទាក់ទងនឹងគាត់ឡើយ” ។
កន្លងមកលោក ថាក់ស៊ីន បានបង្ហោះសារនៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែឧសភាថា លោកបានប្តេជ្ញាចិត្តវិលត្រឡប់ទៅប្រទេសថៃវិញមុនអាយុ ៧៤ ឆ្នាំនៅថ្ងៃទី២៦ ខែកក្កដា ។ លោកបានបង្ហោះសារទៀតថា លោកចង់ត្រឡប់ទៅផ្ទះវិញដើម្បីមើលថែចៅៗរបស់លោក ហើយលោកក៏បានត្រៀមខ្លួនរួចរាល់អស់ហើយផងដែរ ដើម្បីប្រឈមមុខនឹងផ្លូវច្បាប់ ។
លោក ថាក់ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈពេលដែលលោកនៅក្រៅប្រទេស ។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅនិរទេសខ្លួន លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់ប្រទេសថៃក្នុងឆ្នាំ ២០០៨ ។គួរបញ្ជាក់ថា គោលបំណងរបស់លោក ថាក់ស៊ីន ក្នុងការវិលត្រឡប់ចូលស្រុកវិញគឺមានចំនួន ១៨ លើកមកហើយចាប់តាំងពីឆ្នាំ ២០២១ ដល់ត្រឹមខែឧសភានេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីដ៏លេចធ្លោរូបនេះត្រូវបានកាត់ទោសកំបាំងមុខតុលាការឧក្រិដ្ឋកម្មថៃឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំលើសំណុំរឿងពុករលួយចំនួន ៤ ករណី ៕