
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន រយៈពេល ៥ ខែឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ៦៩៩លានដុល្លារ ធ្លាក់ចុះ ១០.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ស្ថិតនៅលេខ ៥ បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញរបស់កម្ពុជា ទៅជប៉ុន រយៈពេល ៥ខែ ចាប់ខែ មករា ដល់ខែ ឧសភា ឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ៤៤២លានដុល្លារ និងនាំចូលមកវិញមានទឹកប្រាក់ជាង ២៥៧លានដុល្លារ ស្មើនឹង ១៧២ភាគរយ។
ដោយឡែកសម្រាប់ការនាំចេញក្នុងខែ ឧសភា មានទឹកប្រាក់ជាង ៥៥លានដុល្លារ ថយចុះ ២០.៤ភាគរយ បើធៀបនឹងខែ ឧសភា ឆ្នាំ ២០២២ មានចំនួនជាង ៦៩លានដុល្លារ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO ATSUSHI បានលើកឡើងនៅក្នុងវេទិកាសាធារណៈរបស់កម្ពុជាថ្មី កាលពីថ្ងៃទី ១៤ មិថុនា ថា អ្នកវិនិយោគជប៉ុនមើលឃើញពីសក្តានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា កម្ពុជា ស្ថិតនៅកណ្តាលតំបន់ទន្លេមេគង្គ ងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសថៃ និងវៀតណាម។ លើសពីនេះទៀត លោកថា កម្ពុជា មានកម្លាំងពលកម្មដែលជាយុវជនច្រើន និងមានតម្លៃធូរថ្លៃជាងកម្លាំងពលកម្មនៅប្រទេសថៃ និងវៀតណាម។ ជាងនេះទៅទៀត កម្ពុជា ផ្តល់ឱកាសច្រើនដល់ការវិនិយោគពីបរទេស ដោយពុំមានលក្ខខណ្ឌស្មុគស្មាញច្រើនដូចប្រទេសដទៃនោះទេ ហើយកម្ពុជា មានសន្តិភាព និងស្ថិរភាពនយោបាយ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានលើកឡើងថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន បានកើនជាលំដាប់ដោយសាររដ្ឋាភិបាលប្រទេសទាំង២ មានទំនាក់ទំនងល្អ ហើយចំនួនក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ដើម្បីផលិតទំនិញនាំទៅទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុន ក៏មានកាន់តែច្រើនផងដែរ។
យោងតាមទិន្នន័យជញ្ជីងពាណិជ្ជកម្មអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងជប៉ុន មានទឹកប្រាក់សរុប ១៩៤៨,០១៩លានដុល្លារ មានការកើនឡើងជាង ១២ភាគរយបើធៀបនឹងឆ្នាំ ២០២១។
សូមបញ្ជាក់ថា ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល, ចំណែកជប៉ុននាំចូលមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម៕