អង្គភាពឆ្មាំល្បាតឆ្នេរក្រិកនិយាយថា មនុស្សយ៉ាងហោចណាស់៧៩នាក់ បានស្លាប់ ក្រោយទូកជនអន្តោប្រវេសន៍មួយគ្រឿងដឹកមនុស្សរាប់រយនាក់ បានក្រឡាប់លិចក្បែរឆ្នេរសមុទ្រប្រទេសក្រិក កាលពីព្រឹកថ្ងៃពុធ ខណៈមានក្ដីបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើង និងរាប់រយនាក់កំពុងបាត់ខ្លួន។
ជនអន្តោប្របេសន៍សរុបចំនួន១០៤នាក់ ដែលធ្វើដំណើរតាមទូក ត្រូវបានសង្រ្គោះពីទឹក និងបានបញ្ជូនទៅកាន់ទីក្រុង កាឡាម៉ាតា (Kalamata)។
អភិបាលក្រុងនេះ លោក តាណាស៊ីស វ៉ាស៊ីសូផូឡូស (Thanasis Vasilopoulos) បាននិយាយកាលពីថ្ងៃពុធថា យោងតាមអ្វីដែលពួកគេបាននិយាយ គឺ មនុស្សអាយុចន្លោះពី១៦ ដល់៤១ឆ្នាំ ។ ពួកគេក៏បាននិយាយផងដែរថា មានស្ត្រី និងកុមារជាច្រើននៅលើទូកនោះ។ គេមិនច្បាស់ទេថា មនុស្សប៉ុន្មាននាក់នៅលើនាវានោះ នៅពេលបានលិច។ ក្រុមអ្នកនៅរស់រានមានជីវិតនិយាយថា អាចមានអ្នកដំណើរប្រមាណ៧៥០នាក់។
អ្នកនាំពាក្យអង្គភាពឆ្មាំល្បាតឆ្នេរក្រិក លោក នីកូឡូស អាឡិចស៊ីអូ (Nikolaos Alexiou) បានប្រាប់សារព័ត៌មាន ERT ថា ទូកនេសាទនេះ មានប្រវែងចន្លោះពី២៥ទៅ៣០ម៉ែត្រ ហើយផ្ទុកមនុស្សពេញ ។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានសរសេរលើបណ្ដាញសង្គមធ្វីតទ័រថា ខ្លួនជឿថាមានមនុស្សជាង ៤០០នាក់ នៅលើទូកនោះ៕