កាសែតអនឡាញវៀតណាម VnExpress កាលពីថ្ងៃទី ១២ ខែមិថុនា បានផ្សាយថា អាជ្ញាធរទីក្រុងហូជីមិញ កំពុងពិនិត្យមើលការប្រើប្រាស់ដីដែលបានគ្រោងទុកសម្រាប់សួនច្បារសាធារណៈ ដើម្បីបង្កើតឱ្យមានលម្ហបៃតងក្នុងទីក្រុងបន្ថែមទៀតពីឆ្នាំ ២០២៣ ដល់ ២០២៥។
សារព័ត៌មាននោះឱ្យដឹងថា យោងតាមនាយកដ្ឋានសំណង់របស់ទីក្រុង ទីក្រុងហូជីមិញដែលមានប្រជាជនប្រមាណ ៩ លាននាក់រស់នៅមានសួនច្បារសាធារណៈ និងសួនលំនៅឋានប្រមាណ ៣៦៩ កន្លែង លើផ្ទៃដីសរុប ៥០០ ហិកតា។
យ៉ាងណាមិញ សមាមាត្របច្ចុប្បន្ននៃតំបន់បៃតង និងចំនួនប្រជាជនទីក្រុង មានកម្រិតទាបបំផុតត្រឹមតែ ០,៥៥ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់ (ម២/ម្នាក់)។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងធំៗរបស់វៀតណាមរួមទាំងក្រុងហូជីមិញ និងរដ្ឋធានីហូជីមិញ បានខិតខំបង្កើនទីធ្លាសាធារណៈ ពង្រីកសួនច្បារសាធារណៈ និងបង្កើនការដាំដើមឈើជាដើម។
ទោះជាបែបណា សម្រាប់ក្រុងហូជីមិញ លទ្ធផលមិនដូចការរំពឹងទុកនោះទេ ដោយសួនសាធារណៈភាគច្រើនមានទីតាំងនៅខាងក្នុងទីក្រុង ហើយខ្វះសួនច្បារសាធារណៈនៅតាមសង្កាត់នានាដែលនៅជាយៗក្រុង ខណៈផ្ទៃដីនៃសួនសាធារណៈមួយចំនួន ត្រូវបានរួមតូចដោយសារការពង្រីកផ្លូវសម្រាប់មធ្យោបាយដឹកជញ្ជូននិងការធ្វើចរាចរណ៍ដ៏មមាញឹកនៃទីក្រុងសេដ្ឋកិច្ចភាគខាងត្បូងមួយនេះ។
យោងតាមនាយកដ្ឋានសំណង់ក្រុងហូជីមិញដដែល បន្ទាប់ពីពិនិត្យលើដីបម្រុងសម្រាប់សួនច្បារសាធារណៈ នាយកដ្ឋាននឹងស្នើរៀបចំគម្រោងសាងសង់ និងអំពាវនាវឱ្យមានការវិនិយោគបន្ថែម។ បច្ចុប្បន្ន ទីក្រុងនេះមានគោលដៅឱ្យមានលម្ហបៃតងពី ២,៥-១២ ម២/ម្នាក់នៅឆ្នាំ ២០២៥។
នៅឆ្នាំ ២០២៣ នេះ អាជ្ញាធរក្រុងនឹងសម្រេចផែនការសាងសង់សួនច្បារសាធារណៈទំហំ ១០ ហិកតានិងទីធ្លាសាធារណៈបៃតងចំនួន ២ ហិកតា ដាំ និងជួសជុលដើមឈើចំនួន ៦ ពាន់ដើម ដើម្បីបំពេញតាមគោលដៅនៃផ្ទៃដីបៃតង ៣-៤ ម ២/ ម្នាក់។
លម្ហបៃតងមានសារៈសំខាន់ណាស់ សម្រាប់សុខុមាលភាពរបស់ប្រជាជនជាពិសេសការរស់នៅទីក្រុង។ លម្ហនឹងជួយកាត់បន្ថយផលប៉ះពាល់នៃការបំពុល និងអាចកាត់បន្ថយកម្ដៅក្នុងទីក្រុង ដែលបង្កឡើងពីសកម្មភាពរបស់មនុស្ស៕