កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានលាតត្រដាងថា ប្រទេសរបស់លោក ចាប់ផ្តើមទទួលបានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីសម្ព័ន្ធមិត្ត រុស្ស៊ីហើយ។
ជាមួយគ្នានោះដែរ លោក Lukashenko បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ប្រទេសរបស់លោកកំពុងទទួលបានសព្វាវុធ មានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូរបស់អាមេរិកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី នៃប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥ ដល់ទៅ៣ដងឯណោះ។
ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស គឺជាការចល័តក្បាលគ្រាប់បែបនេះ នៅខាងក្រៅប្រទេសរុស្ស៊ីជាលើកដំបូង ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។
មុននេះ លោក Lukashenko និយាយថា លោកបានដាក់សំណើ សុំឲ្យសម្ព័ន្ធមិត្តរុស្ស៊ី យកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួន មកដាក់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការកំញើញ។ស្របពេលជាមួយគ្នានោះ លោកបញ្ជាក់ថា លោកនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការបាញ់វាភ្លាមៗ ប្រសិនបើប្រទេសរបស់ខ្លួន រងការវាយប្រហារ។
មេដឹកនាំបេឡារុស និយាយទៀតថា “នោះជាសំណើរបស់ខ្ញុំ។ រុស្ស៊ីមិនបានដាក់សំណើមកខ្ញុំទេ គ្មាននរណាធ្វើសង្រ្គាមជាមួយរដ្ឋនុយក្លេអ៊ែរឡើយ ហើយខ្ញុំក៏មិនចង់ឲ្យអ្នកណាធ្វើសង្រ្គាមជាមួយយើងដែរ។ តើមានការគំរាមកំហែងបែបនេះទេ? មែនហើយ ខ្ញុំត្រូវតែទប់ទល់នឹងការគំរាមកំហែងនេះ”។
គួរបញ្ជាក់ជាថ្មី ទីក្រុងមូស្គូបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស កាលពីខែមីនា ដោយលើកឡើងពីការគំរាមកំហែងពីសត្រូវ៕