គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានស្នើឲ្យស្ថាប័នពាក់ព័ន្ធ បន្តការងារលើផែនការ ដាក់គោលដៅហាមឃាត់ម៉ូតូមិនឲ្យធ្វើចរាចរណ៍ក្នុងទីក្រុង នៅត្រឹមឆ្នាំ២០៣០ ទោះបីសាធារណជន មានក្តីព្រួយបារម្ភក៏ដោយ។ផែនការនេះក៏នឹងរួមបញ្ចូលផងដែរ នូវការគិតថ្លៃលើយានជំនិះ ដែលធ្វើដំណើរចូលទៅក្នុងតំបន់មានចរាចរណ៍មមាញឹក។
ផែនការនេះ ស្ថិតនៅក្រោមគំនិតផ្តួចផ្តើម ដែលត្រូវបានអនុម័តដោយរដ្ឋបាលក្រុង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋធានីវៀតណាម ចាប់ពីឆ្នាំ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៣០។
ជាពិសេស ទីក្រុងសង្ឃឹមថា រឿងនេះនឹងបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចទីក្រុង ចំពោះផលិតផលក្នុងស្រុករបស់ខ្លួនឡើងដល់ ៨៥ ភាគរយនៅឆ្នាំ ២០២៥ និងដល់ ៩០ ភាគរយនៅត្រឹមឆ្នាំ ២០៣០។ផែនការហាមឃាត់ម៉ូតូ មិនឲ្យធ្វើចរាចរណ៍ក្នុងទីក្រុង ត្រូវបានលើកយកមកជជែកវែកញែកជាច្រើនលើកច្រើនសាមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែអ្នកជំនាញនិងប្រជាពលរដ្ឋ បានសម្តែងក្តីព្រួយបារម្ភអំពីលទ្ធភាពរបស់ពួកគេ។
លោកបណ្ឌិត Nguyen Xuan Thuy អតីតក្រុមហ៊ុន Transport Publishing House បានប្រាប់កាសែត Tuoi Tre ថា ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងហាណូយ ស្ថិតក្នុងកម្រិតមួយដែលមិនអាចទប់ទល់នឹងការហាមឃាត់ម៉ូតូបាន។ លោកនិយាយថា “រថយន្តមិនអាចធ្វើដំណើរលើផ្លូវតូចចង្អៀតក្នុងក្រុងបានទេ ប៉ុន្តែម៉ូតូអាចធ្វើដំណើរបានដូច្នេះការហាមឃាត់ម៉ូតូមិនឲ្យជិះក្នុងក្រុង នឹងបង្កការលំបាកក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ”។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ្នកក្រុងហាណូយ ៧០ ភាគរយ គឺពឹងផ្អែកលើម៉ូតូសម្រាប់ការដឹកជញ្ជូន។ ប្រសិនបើម៉ូតូត្រូវបានហាមឃាត់ ហើយប្រជាពលរដ្ឋឆ្លើយតបដោយការទិញរថយន្តមែននោះ ការកកស្ទះចរាចរណ៍អាចកើនឡើងពី ៣០០ ទៅ ៤០០ ភាគរយឯណោះ ៕