Alynana Media Cambodia
Icon Collap
clinic narit

រោងចក្រដំឡើងរថយន្តហ្វតនៅកម្ពុជាដំឡើងរថយន្តបានចំនួនជាង២ពាន់គ្រឿងហើយ

Media LNN | Jun 16, 2023
រោងចក្រដំឡើងរថយន្តហ្វតនៅកម្ពុជាដំឡើងរថយន្តបានចំនួនជាង២ពាន់គ្រឿងហើយ
Clinic narith

គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១ឆ្នាំហើយ ដែលរោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅស្រុកកគរ ខេត្តពោធិ៍សាត់ត្រូវបានដាក់ឲ្យដំណើរការ ដោយបច្ចុប្បន្នរោងចក្រនេះដំឡើងរថយន្តបានជាង២ពាន់គ្រឿងហើយ។ បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia រថយន្តហ្វតពីរម៉ូដែល ដែលដំឡើងនៅកម្ពុជាហាក់ទទួលបានការគាំទ្រខ្លាំងគួរសមពីអតិថិជន ដ្បិតរថយន្តដំឡើងក្នុងស្រុកមានតម្លៃទាបជាងរថយន្ត ដែលនាំចូលពីបរទេស។កត្តានេះបានជំរុញឲ្យក្រុមហ៊ុននេះ កំពុងពិចារណាពង្រីកប្រតិបត្តិការផ្គុំ និងដំឡើងរថយន្ដម៉ូដែលថ្មីៗបន្ថែមទៀត ខណៈនៅឆ្នាំនេះ ក្រុមហ៊ុនគ្រោងដំឡើងរថយន្តហ្វតថ្មីៗឲ្យបានប្រមាណ ៤ពាន់គ្រឿងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។photo_2023-06-12_08-39-29-19

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា តាំងពីដាក់ឲ្យដំណើរការរហូតមកទល់ពេលនេះរោងចក្រផ្គុំនិងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ដំឡើងរថយន្តបានជាង២ពាន់គ្រឿងហើយសម្រាប់ដាក់លក់នៅលើទីផ្សារនៅកម្ពុជា។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ រថយន្តហ្វតទាំងពីរម៉ូដែល ដែលដំឡើងនៅកម្ពុជាហាក់ទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយសាររថយន្តដែលផ្គុំ និងដំឡើងនៅកម្ពុជាមានតម្លៃថោកជាងរថយន្តនាំចូលពីបរទេសចន្លោះពី៣ពាន់ ដល់៥ពាន់ដុល្លារអាមេរិកក្នុង១គ្រឿង។0a3b05d9751d289d63469106608eb42a-101

កត្តានេះបានជំរុញឲ្យក្រុមហ៊ុន RMA Cambodia កំពុងពិចារណាផ្គុំ និងដំឡើងរនៅកម្ពុជាបន្ថែមទៀត។ តែយ៉ាងណាលោក ងន សាំង មិនទាន់អាចបញ្ជាក់បានទេថា ក្រុមហ៊ុនគ្រោងនាំយករថយន្តហ្វតម៉ូដែលអ្វីមកផ្គុំ និងដំឡើងនៅកម្ពុជានោះទេ គ្រាន់តែអះអាងថា វាកំពុងស្ថិតក្នុងការពិចារណា។ តាមផែនការរោងចក្រនេះ គ្រោងដំឡើងរថយន្តហ្វតថ្មីៗឱ្យបានប្រមាណ៤ពាន់គ្រឿងនៅឆ្នាំ២០២៣ នេះ ខណៈកាលពីឆ្នាំ២០២២ ក្នុងរយៈ៦ខែ រោងចក្រនេះដំឡើងរថយន្តបានចំនួន៤រយគ្រឿង។

បើតាមការគូសបញ្ជាក់របស់លោក ងន សាំង ក្រោយក្រុមហ៊ុន RMA បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់រួចមក ក្រុមហ៊ុនបានកាត់បន្ថយការនាំចូលរថយន្តហ្វតពីបរទេសមកកាន់ទីផ្សារកម្ពុជាចន្លោះពី៣០%ទៅ៤០%។រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ដែលសាងសង់លើផ្ទៃដី៤ហិកតាស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ រោងចក្រនេះអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តម៉ូដែល Ford Ranger Wildtrak និង Ford Everest បានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។11-IMG_6459-56

ទន្ទឹមនឹងរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការរីកដុះដាលខ្លាំងនៅមួយរយៈចុងក្រោយ ការនាំចូលរថយន្តថ្មីមកពីប្រទេសផ្សេងៗជាពិសេសប្រទេសចិន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរនៅមួយរយៈចុងក្រោយនេះ ដែលឲ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាមានការប្រកួតប្រជែងកាន់តែខ្លាំង។ ទីផ្សារនាំចូលរថយន្តបានក្លាយជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់កម្ពុជា។

ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចូលរថយន្ត គឺជាប្រភពចំណូលដ៏ធំមួយ ដែលបានក្តោបចំណែកជាង៥០% នៃចំណូលនាំចូលសរុបរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យ៉ាងណាមិញ ឯកឧត្តមកត់សម្គាល់ឃើញថា ចំណូលគយបានពីការនាំចូលយានយន្តហាក់ការថមថយនៅប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានការថយចុះ។ តាមរយៈនិន្នាការនេះ ឯកឧត្តម វាយតម្លៃថា ការរីកចំរើនវិស័យយានយន្តមិនអាចកាត់ផ្តាច់ពីវិស័យសំណង់ និងអលចនទ្រព្យនោះទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងទៅ ការនាំចូលរថយន្តមកកម្ពុជាមានការកើនឡើងប្រមាណ៤០% បើធៀបនឹងឆ្នាំ២០២១ ហើយការកើនឡើងភាគច្រើនជារថយន្តថ្មី។ បើតាមការវាយតម្លៃរបស់អ្នកជំនាញ កំណើនប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានេះ គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងលើបញ្ហាសុវត្ថិភាពក្នុងការប្រើប្រាស់យានយន្ត គួបផ្សំសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ពួកគេមានភាពល្អប្រសើរជាងមុន។ តាមរយៈកំណើននេះ អ្នកជំនាញជឿថា កម្ពុជានឹងអាចលុបបំបាត់ការនាំចូលរថយន្តមួយទឹកនាពេលអនាគតដ៏ខ្លីខាងមុខ៕