ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣ បានចំនួនជាង ៧ ៣៨៩ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៨២៦ លានដុល្លារ ស្មើនឹង ៥១ ភាគរយ នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកលើកឡើងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ ឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះថា ក្នុងខែឧសភា ឆ្នាំ ២០២៣នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ៩៥៥ ប៊ីលានរៀល ត្រូវប្រមាណជាង ២៣៥ លានដុល្លារ ស្មើនឹង ៦,៦០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។
ចំណែរយៈពេល ៥ ខែ ឆ្នាំ ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួនជាង ៧ ៣៨៩ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៨២៦ លានដុល្លារ ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលបានកំណត់ជាង ១៤ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧១ លានដុល្លារ។
សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូលនេះ ក្នុងនោះចំពោះការប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែឧសភា ឆ្នាំ ២០២៣ អនុវត្តបានជាង ២៣ ប៊ីលានរៀល ត្រូវប្រមាណជា ៥,៧០ លានដុល្លារ បើគិតរយៈពេល ៥ ខែ ឆ្នាំ២០២៣វិញ ការប្រមូលចំណូលពីវិស័យនេះ អនុវត្តបានជាង ១៣១ ប៊ីលានរៀល ត្រូវប្រមាណជា ៣២លានដុល្លារ៕