អាជីវកម្មដែលដឹកនាំដោយស្ត្រី និងសហគ្រិនស្ត្រី គឺជាចំណុចស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ប៉ុន្តែស្ត្រីប្រឈមមុខនឹងបញ្ហា ក៏ដូចជាឧបសគ្គជាច្រើន ក្នុងប្រតិបត្តិការ និងការពង្រីកអាជីវកម្មរបស់ពួកគេ ដោយសារកត្តា ផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រ និងលទ្ធភាពទទួលបានការប្រើប្រាស់ បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងការពង្រីកបណ្តាញទំនាក់ទំនងគ្នានៃអ្នកជំនាញអាជីពនៅមានកម្រិត។
តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សហគ្រិនស្ត្រីកម្ពុជាចំនួន ១៤ នាក់ កាលពីពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីជួបជាមួយម្ចាស់អាជីវកម្ម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមនារី ដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាពង្រីកបណ្តាញទំនាក់ទំនងនៃអ្នកជំនាញអាជីព។
អូស្ត្រាលីជាប្រទេសគាំទ្រយូរអង្វែងលើការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍសហគ្រាសនៅកម្ពុជា។ CAPRED កំពុងធ្វើការដើម្បីជួយកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុត្រូវបានបញ្ជ្រាបទៅគ្រប់សកម្មភាពទាំងអស់នៃកម្មវិធី។