Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ម៉ាល់ឌីវ ឯកភាពគ្នា​អនុវត្ត​ផែនការ​សកម្មភាព បន្ត​វឌ្ឍនភាព​វិស័យ​ទេសចរណ៍

Media LNN | Jun 17, 2023
កម្ពុជា-ម៉ាល់ឌីវ ឯកភាពគ្នា​អនុវត្ត​ផែនការ​សកម្មភាព បន្ត​វឌ្ឍនភាព​វិស័យ​ទេសចរណ៍
Clinic narith

បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​រវាង កម្ពុជា-ម៉ាល់ឌីវ បាន​ចូលជា​ធរមាន កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២៣ កន្លងទៅ ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​អនុវត្ត​ផែនការ​សកម្មភាព​មួយ​ចំនួន​ទៀត ដើម្បី​បន្ត​វឌ្ឍនភាព​លើ​វិស័យ​ទេសចរណ៍ រួមគ្នា​ជំរុញ​លំហូរ​ទេសចរប្រទេស​ទាំង​២ និង​ប្រទេស​ទី​៣ ឱ្យ​កាន់​តែ​ច្រើន​ថែមទៀត។

ការ​ឯកភាព​គ្នា​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ​លោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ម៉ាល់ឌីវ កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០២៣ ក្នុង​ឱកាស​កិច្ច​ប្រជុំ​រួម​នៃ​គណៈកម្មការ​តំបន់​អាស៊ី​ខាងកើត និង ប៉ាស៊ីហ្វិក និង​កិច្ច​ប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ខាងត្បូង របស់​អង្គការ​ទេសចរណ៍​ពិភព​លោក (UNWTO) នៅ​កម្ពុជា។

លោក ជុក ជំនោរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា នាជំនួប​ខាង​លើ​នោះ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា បាន​រំឭក​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅ​កាន់​ប្រទេស ម៉ាល់ឌីវ កាល​ពីថ្ងៃទី ១៥-១៧ ខែ​មករា ឆ្នាំ ២០២៣ កន្លងទៅ ដែល​មាន​ការ​ចុះ​ហត្ថលេខា​ទៅ​​លើ​ឯកសារ​ចំនួន ៦ ក្នុង​នោះ​ក៏​មាន​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រសួង​ទេសចរណ៍ ម៉ាល់ឌីវ ផងដែរ។

លោក ជំនោរ បាន​បន្ត​ថា៖ «កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​រវាង​ កម្ពុជា-ម៉ាល់ឌីវ គឺ​បាន​ចូលជា​ធរមាន​ហើយ​កាល​ពី​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ​២០២៣ កន្លងទៅ បាន​ន័យ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រជាជន/ភ្ញៀវ​ទេសចរ​កម្ពុជា និង ម៉ាល់ឌីវ អាច​ធ្វើ​ដំណើរ​ទៅ​មកប្រទេស​ទាំង ២ បាន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​ក្រោម ៣០​ថ្ងៃ»។

«តាម​រយៈអនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​រវាង​កម្ពុជា-ម៉ាល់ឌីវ នេះ​ហើយ ទើប​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ប្រទេស​ទាំង ២ ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​ចម្រុះ​ កម្ពុជា-ម៉ាល់ឌីវ (Working Group) ដើម្បី​រួម​សហការ​គ្នា​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដែល​មាន​បញ្ជាក់​ក្នុង​អនុស្សរណៈ​ទ្វេភាគី​ខាងលើ សំដៅ​បន្ត​វឌ្ឍនភាព​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២ រួមគ្នា​ជំរុញ​លំហូរ​ទេសចរ​ប្រទេស​ទាំង​២ និង​ប្រទេស​ទី ៣ ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត»។

 

បើតាមលោក ជុក ជំនោរ ការងារ​សំខាន់ៗ​ចំពោះ​មុខ ភាគី​ទាំង​ ២ បាន​ឯកភាព​គ្នា​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​នៅ​ពេល​សមស្រប​ណាមួយ សំដៅ​ធ្វើ​យ៉ាង​ណា​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ដូចជា ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​ទៅវិញ​ទៅមក​របស់​ថ្នាក់​ដឹកនាំ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ទេសចរណ៍​ប្រទេស​ទាំង​២ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ សារព័ត៌មាន និង​អ្នក​មាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញសង្គម (Influencers)។

លោក​បាន​គូស​បញ្ជាក់​ដូច្នេះ​ថា៖ «ភាគី​ទាំង ២ ក៏​បាន​ឯកភាព​បង្កើត​កញ្ចប់​ទស្សនកិច្ច​រួមគ្នា​ស្របតាម​ទស្សនទាន «ប្រទេស​ពីរ គោលដៅ​តែមួយ» ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ និង​ទាក់ទាញ​លំហូរ​ទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាល់ឌីវ។ ការ​បង្កើត​ឱ្យ​មាន​កញ្ចប់​ទស្សនកិច្ច​រួមគ្នា​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​សម្រាប់​ជំរុញ​ចលនា​ទេសចរ​អន្តរជាតិ និង​ទាក់ទាញ​ឱ្យ​មាន​ការ​ស្នាក់​នៅ​យូរ ឧទាហរណ៍ ភ្ញៀវ​ទេសចរ​អាច​ស្នាក់នៅ/ទស្សនា​កម្សាន្ត​នៅ​កម្ពុជា ៣ថ្ងៃ និង ៣ថ្ងៃ​ទៀត​នៅ ម៉ាល់ឌីវ»។

ជាមួយគ្នា​នោះដែរ កម្ពុជា និង​ម៉ាល់ឌីវ ​ក៏​បាន​បន្ត​ឯកភាព​គ្នា​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​អាកាសចរណ៍​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​កម្ពុជា-ម៉ាល់ឌីវ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់​តែ​ងាយ​ស្រួល ខណៈ​បច្ចុប្បន្ន​ភ្ញៀវទេសចរ​ដែល​ចង់​ទៅ​មក​ប្រទេស​ទាំង​ពីរ​អាច​ផ្លាស់​ជើង​ហោះហើរ​នៅ​សិង្ហបុរី ​ឬ​ម៉ាឡេស៊ី។ ប៉ុន្តែ​យ៉ាងណា​ក៏​មិន​ធ្វើ​ឱ្យ​ភ្ញៀវទេសចរ ឬ​អ្នក​ដំណើរ​រង់ចាំ​យូរ​នោះ​ដែរ ពោល​គឺ​មិនមាន​បញ្ហា​ស្មុគស្មាញ​ឡើយ។

នាឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់​ថា នៅ​កម្ពុជា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​នឹង​ត្រៀម​ដាក់​ឱ្យ​ដំណើរការនា​ចុង​ឆ្នាំ ២០២៣ ឆាប់ៗ​ខាងមុខ ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ក៏​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ ២០២៤ ឬ​ដើម​ឆ្នាំ ២០២៥នេះ​ហើយ​ដែរ ដូច្នេះ​ភាគី​ទាំងពីរ​នឹង​អាច​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ទៅ​មក​បាន​យ៉ាង​ងាយស្រួល។

រដ្ឋមន្ត្រី​ទេសចរណ៍ ម៉ាល់ឌីវ លោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) ក៏​បាន​អញ្ជើញ​លោក ថោង ខុន ធ្វើ​ទស្សនកិច្ច​នៅប្រទេស​ម៉ាល់ឌីវ​ នៅ​ចុង​ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បី​ស្វែង​យល់​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ។

លោក អ័បឌុលឡា បាន​បញ្ជាក់​ថា៖ «នៅ​ម៉ាល់ឌីវ ចាប់​ពី​ចុងខែ​កក្កដា ដល់​ខែសីហា ឆ្នាំ ២០២៣ មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ ម៉ាល់ឌីវ (Maldiv Cultural Festival) ដែល​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី ថោង ខុន និង​ប្រតិភូ​ក្រសួង​ទេសចរណ៍​កម្ពុជា ទៅ​កាន់​ប្រទេស​ម៉ាល់ឌីវ​នោះ»។

រដ្ឋមន្ត្រី​ទេសចរណ៍ ម៉ាល់ឌីវ បាន​បង្ហាញ​ការ​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ព្រម​ទាំង​មើលឃើញ​ពី​សក្ដានុពល​សម្បូរបែប​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​អាច​ភ្ជាប់​គោល​ទេសចរណ៍​រួមគ្នា ដោយ​កម្ពុជា​មាន​សក្ដានុពល​ទេសចរណ៍​ផ្នែក​វប្បធម៌ ធម្មជាតិ សមុទ្រជាដើម ហើយ ម៉ាល់ឌីវ មាន​សក្ដានុពល​ទេសចរណ៍​ផ្នែក​សមុទ្រ ឆ្នេរ កោះ​ជាដើម៕