ក្រុមមន្ត្រីឥណ្ឌា បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ៣៤ នាក់ បានស្លាប់ក្នុងរយៈពេល ២ ថ្ងៃចុងក្រោយ ដោយសារតែរលកកម្ដៅ ដែលកំពុងវាយប្រហាររដ្ឋ Uttar Pradesh នាភាគខាងជើងនៃប្រទេស ដែលជំរុញឱ្យក្រុមគ្រូពេទ្យណែនាំប្រជាជនចាស់ជាង ៦០ ឆ្នាំ ស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្រ្តីថា អ្នកស្លាប់ទាំងអស់សុទ្ធតែមានអាយុលើសពី ៦០ឆ្នាំ និងមានបញ្ហាសុខភាពស្រាប់ ដែលកាន់តែធ្ងន់ធ្ងរទៅៗដោយសារតែរលកកម្ដៅ។ អ្នកស្លាប់រស់នៅក្នុងស្រុក Balliaដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងLucknowដែលជាទីក្រុងរដ្ឋ Uttar Pradesh។
ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ក្រុង Balliaលោក Jayant Kumar បាននិយាយប្រាប់AP ថា នៅថ្ងៃព្រហស្បតិ៍ មានអ្នកស្លាប់ចំនួន ២៣នាក់ និងថ្ងៃសុក្រមាន ១១ នាក់ដោយអ្នកទាំងនោះ មានជំងឺប្រចាំកាយរួចស្រាប់ទៅហើយ។ លោកគូសបញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ គឺដោយសារតែការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងរាគធ្ងន់ធ្ងរ។
បើតាមទិន្នន័យរបស់នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា សីតុណ្ហភាពអតិបរិមានៅស្រុក Balliaបានឡើងដល់ ៤២,២ អង្សាសេនៅថ្ងៃសុក្រ ដែលខ្ពស់ជាងសីតុណ្ហភាពធម្មតា៤,៧ អង្សាសេ។ ជាធម្មតារដូវក្តៅនៅឥណ្ឌា តែងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅទូទាំងរដ្ឋ ធ្វើឱ្យមនុស្សគ្មានទឹក កង្ហារ និងម៉ាស៊ីនត្រជាក់ប្រើប្រាស់។
អភិបាលរដ្ឋ Uttar Pradesh លោក Yogi Adityanathបាននិយាយថា រដ្ឋាភិបាលកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ថាមពលក្នុងរដ្ឋ ហើយជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយរដ្ឋាភិបាល និងប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ។
គួររំឭកថា ឥណ្ឌាតែងតែជួបនូវរលកកម្ដៅនៅខែនៃរដូវក្តៅសំខាន់ៗរួមមានខែមេសា ឧសភា និងមិថុនា មុនពេលភ្លៀងមូសុងនាំយកសីតុណ្ហភាពត្រជាក់ចូល ខណៈសីតុណ្ហភាពរបស់ពិភពលោកកាន់តែក្ដៅឡើងៗក្នុងទសវត្សរ៍កន្លងទៅ ដែលរួមចំណែក ដោយសារតែការប្រែប្រួលអាកាសធាតុ៕