គោលនយោបាយជាតិស្តីពី«ស្វាយចន្ទី»ដែលទើបតែត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ក្រុមអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីបានបង្ហាញក្ដីរំពឹងថា តាមរយៈគោលនយោបាយជាតិនេះ នឹងជួយលើកកម្ពស់ផលិតកម្មស្វាយចន្ទីឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសជំរុញការនាំចេញ កាត់បន្ថយភាពក្រីក្រ បង្កើនឱកាសការងារ និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា គោលនយោបាយជាតិស្តីពី«ស្វាយចន្ទីឆ្នាំ២០២២-២០២៧» នេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចជាតិ។ មន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បង្ហាញក្ដីរំពឹងថា តាមរយៈគោលនយោបាយនេះនឹងជួយជំរុញដល់ការដាំដុះដែលមានត្រូវតាមលក្ខណៈបច្ចេកទេសធន់នឹងការប្រែប្រួលអាកាសធាតុ និងសមាសភាពចង្រៃ ទទួលបានទិន្នផលខ្ពស់ ការកែច្នៃទទួលបានតម្លៃបន្ថែមខ្ពស់ និងជំរុញការនាំចេញ ដែលនឹងធ្វើឲ្យកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ពីវិស័យនេះ។ ម្យ៉ាងវិញទៀត តាមរយៈគោលនយោបាយនេះ ក៏នឹងជួយដល់អ្នកដាំដុះ កែច្នៃ និងអ្នកនាំចេញ ក៏ដូចជា កាត់បន្ថយភាពក្រីក្រ ជួយបង្កើនការងារធ្វើ និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាប័ន្ន។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម រាជ រ៉ា ក៏បានយល់ឃើញថា វិស័យនេះនៅជួបប្រទះបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលទាមទារឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវរួមគ្នាដោះស្រាយ ទាក់ទងនឹងបច្ចេកទេសក្នុងខ្សែចង្វាក់ផលិតកម្ម តែម្ដង។ លើសពីនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ក៏ត្រូវរួមគ្នា ទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីសម្រាប់ការនាំចេញ,ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ,បើកច្រកទីផ្សារថ្មីៗ និងការធ្វើពិពិធកម្មទីផ្សារ,ផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមនៃការផលិត ជាដើម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា ប្រទេសកម្ពុជា បច្ចុប្បន្ន ជាប្រទេសលំដាប់លេខមួយ នៃការផលិតគ្រាប់ស្វាយចន្ទីស្រស់សម្រាប់នាំចេញ ដូច្នេះ នៅពេលដែលកម្ពុជាអនុម័តគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងទាក់ទាញវិនិយោគិននានា មកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក។ លោកបានបន្ថែមថា ប្រសិនបើកម្ពុជា មានរោងចក្រកែច្នៃស្វាយចន្ទីកាន់តែច្រើន គឺអាចឆ្លើយតបនូវចំនួននៃការផលិតគ្រាប់ស្រស់របស់កម្ពុជា នោះវានឹងធ្វើឱ្យអ្នកពាក់ព័ន្ធនានានៅក្នុងវិស័យផលិតកម្មស្វាយចន្ទី ជាពិសេសកសិករនឹងទទួលតម្លៃបន្ថែម ដែលធ្វើឱ្យជីវភាពរស់នៅពួកគាត់កាន់តែប្រសើរ។សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ រដ្ឋាភិបាលតាមរយៈគោលនយោបាយជាតិស្តីពីស្វាយចន្ទី បានដាក់ចេញនូវគោលដៅចម្បងចំនួន៣ មានដូចជា លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង, ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០% នៅឆ្នាំ២០៣២ និងចុងក្រោយ ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សាភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។
បើតាមការអះអាងរបស់មន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាសម្លឹងឃើញទីផ្សារសម្រាប់នាំចេញស្វាយចន្ទី រួមមាន ប្រទេសវៀតណាម ចិន សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី ថៃ ឥណ្ឌា ជប៉ុន និងអារ៉ាប់អេមីរ៉េត ជាដើម។ ដោយឡែក យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅរយៈពេល ១ត្រីមាសដំបូង ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួនប្រមាណជាង ២៣ម៉ឺនតោន ថយចុះជិត ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់ មានប្រមាណ ៣២០លានដុល្លារ៕