ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ី សាអ៊ូឌីត បានបោះជំហានមួយបន្ថែមទៀតកាលពីថ្ងៃសៅរ៍ ដើម្បីភា្ជប់ការផ្សះផ្សារបស់ពួកគេ ខណៈដែលអ្នកការទូតកំពូលរបស់ទីក្រុងរីយ៉ាដ បានធ្វើទស្សនកិច្ចដ៏សំខាន់មួយទៅកាន់សាធារណរដ្ឋអ៊ីស្លាម ក្រោយពីមានការបែកបាក់អស់រយៈពេល ៧ ឆ្នាំ។
លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត Faisal bin Farhan បានធ្វើការពិភាក្សាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ដោយផ្តោតទៅលើសន្តិសុខក្នុងតំបន់។
ក្រោយមក លោកបានជួបពិភាក្សាជួយលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី និងបានគ្រោងអញ្ជើញលោកទៅទស្សនកិច្ចព្រះរាជាណាចក្រនេះនៅពេលឆាប់ៗនេះ។
មហាអំណាចមូស្លីមនិកាយស៊ុននី អារ៉ាប៊ីសាអ៊ូឌីត បានផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែលដឹកនាំដោយនិកាយ ស៊ីអ៊ីតក្នុងឆ្នាំ ២០១៦ បន្ទាប់ពីស្ថានទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ និងស្ថានកុងស៊ុលក្នុងទីក្រុង Mashhad ភាគពាយ័ព្យ ត្រូវបានវាយប្រហារអំឡុងពេលតវ៉ាជុំវិញការប្រហារជីវិតរបស់បព្វជិតនិកាយស៊ីអ៊ីតរបស់ទីក្រុងរី យ៉ាដ លោក Nimr al-Nimr។
ប៉ុន្តែប្រទេសទាំង២ បានព្រមព្រៀងគ្នាកាលពីខែមីនា ដើម្បីកែលម្អទំនាក់ទំនង និងបើកស្ថានទូតរៀងៗខ្លួនឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយចិន បានផ្លាស់ប្តូរទំនាក់ទំនងក្នុងតំបន់។
ព្រះអង្គម្ចាស់ Faisal បានមានព្រះបន្ទូលថា នៅថ្ងៃទី ៦ ខែមិថុនា អ៊ីរ៉ង់ បានបើកស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួននៅអារ៉ាប៊ីសាអ៊ូឌីតឡើងវិញ ហើយព្រះរាជាណាចក្រ ត្រូវបានគេរំពឹងថា នឹងបើកបេសកកម្មការទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ឡើងវិញ«ក្នុងពេលឆាប់ៗនេះ»៕