ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រាក់ជាង ១៨០ លានដុល្លារកាលពីត្រីមាសទី ១ ឆ្នាំ ២០២៣ ដើម្បីយកទៅសងបំណុលសាធារណៈ ដោយចំនួននេះថយចុះបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bullentin) ដែលចេញផ្សាយកាលពីសប្តាហ៍មុនឱ្យដឹងថា នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានទូទាត់សេវាបំណុលសរុប ១៨០,៦៨ លានដុល្លារអាមេរិក ដើម្បីធ្វើការទូទាត់ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស ដែលមានប្រមាណ ១៨០,៥៨ លានដុល្លារអាមេរិក (ប្រាក់ដើម ១៣៩,៩៨ លានដុល្លារ និងការប្រាក់ និងកម្រៃផ្សេងៗ ៤០,៦០ លានដុល្លារ) និង ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស ០,១០ លានដុល្លារ (ប្រាក់ដើម ០ ដុល្លារ និងការប្រាក់ ០,១០ លានដុល្លារ។ សម្រាប់ចំនួនទឹកប្រាក់ខាងលើធៀបរយៈពេលដូចគ្នាឆាំ្ន២០២២ គឺការទូទាត់សេវាបំណុលក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ថយចុះប្រមាណ ៣ ភាគរយពីចំនួន ១៨៧,០៣ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ មិថុនាថា ការសងបំណុលទៅឱ្យម្ចាស់កម្ចីគឺជាកិច្ចការដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួនតាមអ្វីដែលសន្យាមុនពេលទទួលកម្ចីពីគេ។ ការបង្វែរប្រាក់សងតាមកាលកំណត់ គឺមិនត្រឹមតែជួយលើកមុខមាត់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជាផងដែរ ព្រោះបើសេដ្ឋកិច្ចដំណើរការមិនល្អ រដ្ឋប្រាកដជាគ្មានប្រាក់យកទៅសងគេតាមកាលកំណត់ទេ។
លោកប្រាប់ទៀតថា ការសងនេះក៏បង្ហាញពីភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការប្រមូលថវិកា និងសន្សំសំចៃចំណូលជាតិក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ។ បច្ចុប្បន្នកម្រិតនៃការលេចជ្រាបថវិការដ្ឋ ក៏ត្រូវបានកាត់បន្ថយច្រើនដែរ តាមរយៈការរឹតបន្តឹងប្រព័ន្ធច្បាប់ និងការសម្រួលនីតិវិធីមួយចំនួនតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។
លោកថ្លែងថា៖ «ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកពេលនេះកំពុងជួបនឹងភាពមិនច្បាស់លាស់ កំណើនអតិផរណា និងការវិនិយោគធ្លាក់ចុះ ប៉ុន្តែកម្ពុជាគឺនៅតែគោរពខ្ជាប់ខ្ជួននូវការសងប្រាក់ទៅម្ចាស់បំណុល។ នៅពេលប្រទេសយើងគោរពការសន្យា និងសេដ្ឋកិច្ចដំណើរការទៅមុខល្អ លទ្ធភាពសម្រាប់ការស្នើសុំកម្ចីនាពេលខាងមុខក៏ងាយស្រួលដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា លទ្ធភាពនៃការសងបំណុលទៅម្ចាស់កម្ចីក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកបន្តរងផលប៉ះពាល់ពីវិបត្តិនានា គឺបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកកម្ចីទាំងអស់ទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ដែលជួយឱ្យចរន្តសេដ្ឋកិច្ចជាតិដំណើរការល្អ ហើយរដ្ឋាភិបាលក៏អាចទាញយកចំណូលពីកិច្ចការទាំងអស់នោះត្រឡប់មកវិញ ដើម្បីសងត្រឡប់ទៅឱ្យម្ចាស់កម្ចី។
លោកបន្តថា នៅពេលរដ្ឋាភិបាលអនុវត្តការសងត្រឡប់បានល្អ គឺនឹងមានប្រទេស ឬដៃគូជាតិ និងអន្តរជាតិជាច្រើនទៀតចង់ផ្តល់កម្ចីឱ្យកម្ពុជា។ ក្នុងនាមជាអតិថិជនល្អ កម្ពុជានឹងអាចមានលទ្ធភាពកាន់តែច្រើនក្នុងការស្វែងរកកម្ចីប្រសិនបើមានតម្រូវការ។
លោកប្រាប់ទៀតថា បើតាមលោកដឹងកម្ចីដែលកម្ពុជាកំពុងមាននៅពេលនេះ គឺភាគច្រើនត្រូវបានរដ្ឋាភិបាលប្រើសម្រាប់អភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បណ្តាញចែកចាយភ្លើងអគ្គិសនីទឹក និងក្នុងវិស័យកសិកម្ម ជាដើម។
លោកបញ្ជាក់ថា៖ «ប្រាក់កម្ចីដែលរដ្ឋាភិបាលយកមកប្រើដើម្បីអភិវឌ្ឍនាពេលកន្លងមក គឺចាប់ផ្តើមផ្តល់ផលវិជ្ជមានជាបណ្តើរៗហើយ តាមរយៈកំណើននៃការចូលមកបណ្តាក់ទុន និងការនាំចេញទំនិញទៅលក់នៅទីផ្សារអន្តរជាតិ»។
បើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា គឺនៅក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាបានសងបំណុលប្រមាណ ៤៦៤,២២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១ ភាគរយធៀបឆ្នាំ ២០២១៕