Alynana Media Cambodia
Icon Collap
clinic narit

កំណាត់ផ្លូវជាតិ ២៣ ​ពីស្រុកកោះធំ​-លើកដែកបើក ការដ្ឋាន​លើក​កម្រិត​ជួសជុលគ្រោងចំណាយ ២១ លានដុល្លារ

Media LNN | Jun 20, 2023
កំណាត់ផ្លូវជាតិ ២៣ ​ពីស្រុកកោះធំ​-លើកដែកបើក ការដ្ឋាន​លើក​កម្រិត​ជួសជុលគ្រោងចំណាយ ២១ លានដុល្លារ
Clinic narith

 

កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែង ២០ គីឡូម៉ែត្រ​ចាប់ពីស្ពានកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល ទៅដល់ស្រុក​លើកដែក បានចាប់បើកការដ្ឋានលើកកម្រិត​ជួសជុលនៅថ្ងៃទី ២០ ខែមិថុនានេះ បន្ទាប់ពីកំណាត់ផ្លូវ​លេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង ត្រូវបានបើករួចហើយកាលពីថ្ងៃទី ៩ សប្ដាហ៍មុន។

កំណាត់ផ្លូវជាតិលេខ ២៣ គឺជាផ្នែកមួយ​នៃផ្លូវជាតិលេខ ២៣ ដែលជាខ្សែផ្លូវតភ្ជាប់​រវាងខេត្ត​កណ្ដាល និងខេត្តតាកែវ ដោយឆ្លងកាត់ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកលើកដែក។

​បច្ចុប្បន្នស្ថានភាពរបស់កំណាត់ផ្លូវលេខ ២៣ ពុំទាន់ស្ថាបនាឱ្យបានល្អប្រសើរនៅឡើយ ខណៈកន្លែងមួយចំនួនជាតម្រាយផ្លូវថ្មី និងតម្រាយផ្លូវចាស់ ដែលចាំបាច់ត្រូវស្ថាបនាលើកកម្រិតឱ្យបានល្អប្រសើរដើម្បីសម្រួលដល់ការធ្វើដំណើរ​ ការដឹកជញ្ជូន និងការតភ្ជាប់របស់ប្រជាពលរដ្ឋទៅមកឆ្លងកាត់ស្រុកកោះធំ ​និងស្រុកលើកដែក។

គម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ២០ គីឡូម៉ែត្រ ចាប់​ផ្ដើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ ចាប់ពីគល់ស្ពានកោះធំ រហូតដល់​ឃុំពាម​រាំង ស្រុកលើកដែក តភ្ជាប់ជាមួយផ្លូវជាតិលេខ ១៤ ​នៃភូមិសាស្ត្រខេត្តកណ្ដាល គម្រោងនេះ នឹង​ត្រូវ​ស្ថាបនាពង្រីកទទឹងផ្លូវ ប្រវែង ១១ ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ ​លើទទឹង​តួផ្លូវប្រវែង ១០ ម៉ែត្រ ​មានពីរគន្លងទៅមក។

​ការសាងសង់ប្រើប្រាស់ពេល ២៤ ខែ ម៉ៅការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ ខូអិធីឌី។ គម្រោងនេះប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ជាង ២១ លានដុល្លារអាមេរិក (២១,៦៨) រួមជាមួយថវិការបដិភាគរបស់រាជរដ្ឋាភិបាល​។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ ២៣ ជាខ្សែផ្លូវដ៏មានសក្ដានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវខេត្តលេខ ១១០ និងផ្លូវជាតិលេខ ២១ ឆ្ពោះទៅរាជធានីភ្នំពេញ និងព្រំប្រទល់កម្ពុជា-វៀតណាម និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ១៤ (អ្នកលឿង)។

កំណាត់ផ្លូវនេះ នឹងចូលរួមលើកកម្ពស់បន្ថែមនូវការតភ្ជាប់​ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តកណ្ដាល និងខេត្តជាប់ព្រំប្រទល់គ្នា ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ច-សង្គម ជំរុញការដឹកជញ្ជូន និងកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ធនាគារអភិវឌ្ឍអាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨២ លានដុល្លារអាមេរិក ដើម្បីលើកកម្រិត​ជួសជុល និងថែទាំផ្លូវជាតិលេខ ២៣ ប្រវែង ២០ គីឡូវម៉ែត្រ ដែលបើកការដ្ឋាននៅថ្ងៃទី ២០ ខែមិថុនា នេះ និងផ្លូវខេត្តលេខ៣១២ ប្រវែង ២៨ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងភាគខាងត្បូង នៃអនុតំបន់ទន្លេមេគង្គ។

លោកស្រី Lyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «ការផ្ដល់ជំនួយនេះ គឺជាដំណាក់កាលទី២ នៃគម្រោងលើកកម្រិតបណ្ដាញផ្លូវជាតិ ដែលមានគោលបំណងពង្រីកការតភ្ជាប់រវាងកម្ពុជាជាមួយវៀតណាម និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន នៅក្នុងខេត្តទាំងពីរ»។

ការស្ដារឡើងវិញថ្មីនេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឱ្យក្រសួងសារធារណការ និងដឹកជញ្ជូន គ្រប់គ្រងផ្លូវថ្នល់បានប្រសើរជាងមុន ដោយកាត់បន្ថយការផ្ទុកលើសទម្ងន់របស់យានយន្ត ដែលធ្វើឱ្យខូចផ្លូវជារឿយៗ និងនាំឱ្យមានការជួសជុលមុនកាលកំណត់៕