Alynana Media Cambodia
Icon Collap
clinic narit

កំណើនតម្រូវការប្រេងនៅចិន ក្នុងឆ្នាំ២០២៣ មានការថមថយ ខណៈការលក់រថយន្តអគ្គិសនី មានសន្ទុះខ្លាំង

Media LNN | Jun 21, 2023
កំណើនតម្រូវការប្រេងនៅចិន ក្នុងឆ្នាំ២០២៣ មានការថមថយ ខណៈការលក់រថយន្តអគ្គិសនី មានសន្ទុះខ្លាំង
Clinic narith

(ប៉េកាំង)៖ អ្នកជំនាញផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនសាជីវកម្មប្រេងជាតិចិន (CNPC) បានឱ្យដឹងនៅថ្ងៃអង្គារថា តម្រូវការប្រេងឆៅនៅឆ្នាំ២០២៣ របស់ប្រទេសចិនរំពឹងថា នឹងកើនឡើងតិចជាងការរំពឹងទុកនាពេលកន្លងមក ដោយសារតម្រូវការរថយន្តអគ្គិសនីខ្លាំង ដាក់បន្ទុកលើតម្រូវការប្រេងសាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងបច្ចេកវិទ្យា (ETRI) ដែលជាស្ថាប័នមួយរបស់ក្រុមហ៊ុនប្រេងរដ្ឋចិន CNPC កាលពីខែមីនាបានព្យាករថា តម្រូវការប្រេងកើនឡើងដល់ ៧៤៣លានតោននៅឆ្នាំនេះ សម្រាប់ប្រទេសចិន ដែលជាអ្នកនាំចូលប្រេងឆៅច្រើនជាងគេ ក្នុងពិភពលោក។ ចំនួននេះស្មើប្រហែល ១៤,៨៦លានបារ៉ែលក្នុងមួយថ្ងៃ (bpd)។

ប៉ុន្តែលោក Wang Lining ប្រធានទីផ្សារនៅវិទ្យាស្ថាន ETRI បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងប៉េកាំងមួយថា កំណើនតម្រូវការប្រេងនឹងស្ថិតក្រោមការព្យាករនេះ ដោយកើនឡើងដល់ ៧៤០លានតោន ឬប្រហែល ១៤,៨លានបារ៉ែលក្នុងមួយថ្ងៃ។

លោក Wang បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្រៅព្រឹត្តិការណ៍នោះថា៖ «ខ្ញុំគិតថា មូលហេតុចម្បងគឺការផ្លាស់ប្តូររថយន្តនៅឆ្នាំនេះមានទំហំធំគួរសម»។

យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ប្រទេសចិនគឺជាទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក។ ការលក់បានកើនឡើង ១០,៥ភាគរយនៅក្នុងខែឧសភាធៀបនឹងខែមេសា ដែលស្មើនឹងមួយភាគបីនៃការលក់រថយន្តសរុប។

តម្រូវការរថយន្តអគ្គិសនីអាចនឹងកើនឡើងបន្ថែមទៀត ដោយទីក្រុងប៉េកាំងបានចេញវិធានការថ្មីដើម្បីលើកកម្ពស់ការទិញរថយន្តអគ្គិសនី។

ទីភ្នាក់ងារថាមពលអន្តរជាតិក៏បានឱ្យដឹងនៅដើមខែនេះផងដែរថា តម្រូវការរថយន្តអគ្គិសនីខ្លាំងនឹងរារាំងដល់កំណើនតម្រូវការប្រេង។

វិទ្យាស្ថាន ETRI បានព្យាករថា តម្រូវការប្រេងសាំងរបស់ប្រទេសចិននឹងកើនឡើង ០,៨ភាគរយនៅឆ្នាំនេះធៀបនឹងកម្រិតនៅឆ្នាំ២០១៩ មុនពេលកើនឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕