Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទាហានរុស្ស៉ីម្នាក់ ទទួលបានប្រាក់រង្វាន់ជិត ១២,០០០ដុល្លារ សម្រាប់ការកម្ទេចរថក្រោះអាល្លឺម៉ង់ នៅអ៊ុយក្រែន

Media LNN | Jun 21, 2023
ទាហានរុស្ស៉ីម្នាក់ ទទួលបានប្រាក់រង្វាន់ជិត ១២,០០០ដុល្លារ សម្រាប់ការកម្ទេចរថក្រោះអាល្លឺម៉ង់ នៅអ៊ុយក្រែន
Clinic narith

(មូស្គូ)៖ ទាហានរុស្ស៉ីម្នាក់ដែលបានកម្ទេចរថក្រោះ Leopard មួយគ្រឿង ផលិតដោយប្រទេសអាល្លឺម៉ង់ ក្នុងសមរភូមិសង្រ្គាមមួយនៅអ៊ុយក្រែន ទទួល បានប្រាក់រង្វាន់ ១លានរូប្លិ៍ ឬស្មើនឹង ១១,៨៤២ដុល្លារ ពីមូលនិធិឯកជនមួយ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

វីដេអូមួយត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម បង្ហាញពីទាហានរុស្ស៉ីខាងលើដែលមានឈ្មោះថា អាន់ត្រី ក្រាវសូវ (Andrei Kravtsov) កំពុង អង្គុយនៅលើគ្រែនៅឯមន្ទីរពេទ្យមួយកន្លែង និងទទួលបណ្ណសរសើរពីលោក អាឡិចសាន់ឌឺ ការេលីន (Alexander Karelin) ដែលជាម្ចាស់ជើងឯក ៣លើកខាងកីឡាបោកចំបាប់របស់រុស្ស៉ី។

ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលទាហានឈ្មោះ ក្រាវសូវ កម្ទេចរថក្រោះ Leopard ហើយថាតើហេតុអ្វីបាន ជាទាហានរូបនេះដេកសម្រាកនៅមន្ទីរពេទ្យនោះទេ ខណៈវីដេអូហាក់បង្ហាញថារូបលោកបានបាត់ដៃខាងស្ដាំម្ខាង។

គួរបញ្ជាក់ថា រុស្ស៉ីកាលពីពេលថ្មីៗនេះបានអះអាងថាកងកម្លាំងរបស់ខ្លួន បានកម្ទេចរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ និងរថពាសដែកប្រយុទ្ធ Bradley មួយចំនួន នៅក្នុងប្រតិបត្តិការវាយបករបស់អ៊ុយក្រែន កាលពីដើមខែមិថុនា។ បើតាមក្រសួងការពារជាតិរុស្ស៉ី ទាហានរុស្ស៉ីច្រើនជាង ១០,០០០នាក់ បានទទួលប្រាក់រង្វាន់សម្រាប់ការកម្ទេច ឬរឹបអូសបានអាវុធអ៊ុយក្រែន និងលោកខាងលិច ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ បា្រក់រង្វាន់ទាំងនេះមានកម្រិតចាប់ពី ១០០,០០០រូប្លិ៍សម្រាប់រថក្រោះមួយគ្រឿង និង៣០០,០០០រូប្លិ៍៍ សម្រាប់យន្ដហោះចម្បាំងមួយគ្រឿង៕